ភ្នំពេញ៖បុគ្គលិកហាងទិញ-លក់ម៉ូតូយីហោ“រ័ត្នសុភា១៦៨” ត្រូវបានអ្នករួមកាងារឃើញស្លាប់នៅជិតបន្ទប់ទឹកដោយមិនដឹងពីមូលហេតុ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។
ហេតុការណ៍បង្កភ្ញាក់ផ្អើលនោះបានកើតឡើងនៅផ្លូវ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលពីម៉ោង៦ព្រឹកថ្ងៃទី១០ ខែមីនា។ មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា បុរសដែលស្លាប់ ឈ្មោះលី គឹមហួត អាយុ ២១ឆ្នាំជាបុគ្គលិកផ្នែកទទួលឯកសារទិញ-លក់ម៉ូតូស្នាក់នៅទីតាំង ខាងលើ។
បុគ្គលិក២នាក់លក់ម៉ូតូជាមួយអ្នកស្លាប់ឈ្មោះ សឿន រ័ត្នអាយុ២៥ឆ្នាំនិងឈ្មោះ ស្រ៊ុន សីហាអាយុ២២ឆ្នាំបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៩ ខែមីនាពួកគេនិងជនរងគ្រោះឈ្មោះលី គឹមហួត បានជួបជុំគ្នាផឹកស្រាបៀរអស់ម្នាក់៦កំប៉ុង រហូតដល់រំលងអធ្រាត្រក៏នាំគ្នាចូលដេក។
លុះព្រឹកឡើងថ្ងៃទី ១០ខែមីនាឈ្មោះ ស្រ៊ុនសីហា បានភ្ញាក់ពីដេកដើរទៅបន្ទប់ទឹកស្រាប់តែឃើញមិត្តភក្តិដេកនៅក្បែរបន្ទប់ទឹក។ពេលនោះរូបគេបានដាស់ឱ្យភ្ញាក់តែមិនឃើញភ្ញាក់ក៏យកដៃស្ទាបមើលទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយមកនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្រ្ដ និងគ្រូពេទ្យបានចុះពិនិត្យនិងធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានបញ្ជាក់ថា បុរសរូបនេះស្លាប់ដោយសារគាំងបេះដូង។ សមត្ថកិច្ចក៏បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យឯស្រុកកំណើត ភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត៕