ពោធិ៍សាត់៖សមត្ថកិច្ចមិនទាន់ចាប់បានតៃកុងរថយន្តធំបើកកៀរម៉ូតូដួលបណ្តាលឱ្យខ្ទាតមនុស្សចូលក្រោមកង់កិនស្លាប់ម្នាក់យ៉ាងអណោចអធ័មនិងរងរបួសធ្ងន់២នាក់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះបានកើតឡើងលើផ្លូវជាតិលេខ៥ ភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៩ ខែធ្នូ។សាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តធំម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខពោធិ៍សាត់3A-0908 បើកបរដោយឈ្មោះ វិត ដាវីន អាយុ ២៩ឆ្នាំនៅភូមិអូគ្រៀត ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
រថយន្តបានកៀរម៉ូតូដួលបណ្តាលឱ្យខ្ទាតមនុស្សចូលក្រោមកង់ហើយកិនស្លាប់ម្នាក់របួសធ្ងន់២នាក់។ម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខពោធិ៍សាត់1K-6947។អ្នកស្លាប់ឈ្មោះ ជៀប សោភ័ណ្ឌ អាយុ៣៤ឆ្នាំនៅភូមិអណ្តូងក្រសាំង ស្រុកបាកាន។អ្នករួមដំណើរ២-ឈ្មោះ សុខ សូរិយា ភេទស្រីអាយុ៣៣ឆ្នាំ-និងឈ្មោះភ័ណ្ឌ សុផាណិតអាយុ១២ឆ្នាំនៅភូមិ ឃុំជាមួយគ្នា។រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានយករថយន្តនិងម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាននិងបន្តរកចាប់តៃកុងរថយន្តយកមកដោះស្រាយតាមច្បាប់៕