ព័ត៌មានសន្តិសុខសង្គម

ការដ្ឋានបូមខ្សាច់១ន្លែង សង្ស័យអត់ច្បាប់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ តាម​ការ​រាយការណ៍​ពី​សមត្ថកិច្ចថា ​កាលពី​អំឡុង​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ​ មាននគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ​មួយ​ក្រុម​មាន​គ្នា​៣​ទៅ​៤​នាក់បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​ៗបាន​ទៅ​ដល់​ការ ដ្ឋាន​ជីក​កាយ និង​បូម​ខ្សាច់​សង្ស័យ​អត់​ច្បាប់​មួយ​កន្លែង​ស្ថិត​នៅ​ម្តុំ​ដី​ព្រៃ​សហគមន៍ ឧត្តម​ស្រែ​ពស់​ (​ចំណុច​ខ្សាច់ស​) ស្ថិត​ក្នុងភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ ។​ប្រភព​រាយការណ៍​ថា ពេល​ក្រុម​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ​ ចុះ​ទៅ​ដល់ទី​តាំង​ការដ្ឋាន​ខាងលើ​នេះ បាន​និយាយ​ជាមួយ​ម្ចាស់​ការដ្ឋាន​នោះ សង្ស័យ​ជំរិត​ទារ​លុយ​ជិត​២០០០​ដុល្លារ​អា​មេ​រិ​ក ជា​ថ្នូរ​និង​ការ​មិន​រាយការណ៍​និង​ចាប់​បង្ក្រាប ដោយ​សង្ស័យ​ទីតាំង​ជីក​កាយបូម​ខ្សាច់​ខាងលើ​នេះ​ គ្មាន​ច្បាប់​អនុញ្ញាត ​ហើយ​លួច​ជីក​កាយ​បូម​លាក់​ពី​ជំនាញ និង​អាជ្ញាធរ​ពាក់

ព័ន្ធ ​។ក្រោយ​ពី​មានការ​ចរចា​គ្នា​ពី​សំណាក់ ម្ចាស់​ទីតាំង​និង​ក្រុម​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ ដែល​គេ​បង្ហើប​ថា ​មានឈ្មោះ ភាស់, ឈ្មោះធី, ឈ្មោះ ម៉ៅ និង​ឈ្មោះគុណ គឺ​ក្រុម​នគរបាល​ទាំងនោះ​ ព្រមយក​លុយចំនួន​លុយ​១០៥០​ដុល្លារ​សហរដ្ឋអាមេរិក​វិញ​ ។ មិនតែ​ប៉ុណ្ណោះ ការ​លួច​ជីក​កាយបូម​ខ្សាច់​របស់​ម្ចាស់​ការដ្ឋាន​សង្ស័យ​អត់​ច្បាប់ទម្លាប់​នេះ បាន​ចំណាយ​លុយ​ជា​ច្រើន​ទៅ​ស្ថា​ប័ន ពាក់ព័ន្ធ​នានាលើកលែងតែគ្រូពេទ្យគ្រូបង្រៀន និង​អាចារ្យវត្ត​តែ​ប៉ុណ្ណោះ ទើប​មិន​បង់លុយ​ឱ្យ​ ។ សង្ស័យ​ការ​ជំរិត​ទារ​លុយ​ម្ចាស់​ការដ្ឋាន​ជីក​កាយ​បូម​ខ្សាច់ពី​សំណាក់​ក្រុម​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នេះ វា​ផ្ទុយ​ពី​ជំនាញ​របស់​ខ្លួន ដោយសារ​តែ​ការ​ជីក​កាយ​បូម​ខ្សាច់ គឺ​ពាក់ព័ន្ធ​ជាមួយ​ជំនាញ​រ៉ែ​និង​ថាមពល​តែ​ប៉ុណ្ណោះ​ ។​ ​ប្រភព​ព័ត៌មាន​បាន​បន្ថែម​ទៀត​ថា ការដ្ឋាន​ជីក​កាយ បូម​ខ្សាច់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ពោធិ​មាស ឬ​ហៅ​ថា ( ភូមិ​ស្រែ​ច្រាប ) ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​នេះ​បាន​ផ្អាក​សកម្មភាព​ហើយ ដោយ​បែកធ្លាយ​រឿង​លួច​ជីក​កាយ​មិន​សុំ​ច្បាប់​ទៅជំនាញ​រ៉ែ​និង​ថាមពល​។តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់​ថា ម្ចាស់​ការដ្ឋាន​ជីក​កាយ និង​បូម​ខ្សាច់​សង្ស័យ​អត់​ច្បាប់​នេះ មានឈ្មោះ ថៅកែ​ហាប់ (​ជា​ម្ចាស់​ហាង​ភោជនីយដ្ឋាន​មួយ​កន្លែង​ខាងត្បូង​រង្វង់​មូល​ស្ពានដែក​) ក្នុងភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ ។

ការដ្ឋាន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​បណ្តាល​ឱ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​ដោយ​ចោទប្រកាន់​ថា ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​តាម​រយៈ​ធ្វើ​មិន​ដឹង​មិ​​នឮ​របស់​អាជ្ញាធរ​ស្រុក​ឱ​រ៉ា​ល់ និង​មន្ត្រី​ជំនាញ​ការិយាល័យ​រ៉ែ​ និង​ថាមពល​ស្រុក​ឱ​រ៉ា​ល់ ។ ការ​សង្ស័យ​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​អាជ្ញាធរ​ស្រុក​ឱ​រ៉ា​ល់ លោកអភិបាលស្រុក​វ័យក្មេង​រូប​នេះ និង​ការិ​យាល័យ​រ៉ែ​ និង​ថាមពល​ស្រុក​ឱ​រ៉ា​ល់​នេះ ក្រោយ​ពី​មាន​មន្ត្រី​ជំនាញ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ស្ពឺ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ សមត្ថកិច្ច និង​អាជ្ញាធរ​ភូមិ​ចុះ​ទៅ​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ ដល់ទី​តាំង​ការ​ដ្ឋាន​លួច​ជីក​កាយបូម​ខ្សាច់​នោះ​ ។

ក្រោយ​ពី​ពិនិត្យ​រួចរាល់ មន្ត្រី​ជំនាញ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ស្ពឺ​នោះ មិន​បាន​ឃាត់​គ្រឿងចក្រ​នៅ​ក្នុង​ការដ្ឋាន​ជីក​កាយបូម​ខ្សាច់​នោះ​ទេ ហាក់បីដូចជា​បណ្តោយ​ឱ្យ​ឈ្មួញ​លួច​ដក​គ្រឿងចក្រ ទាំង​ដឹង​ថា ​មិន​មានច្បាប់​ថែម​ទៀត​ផង​។ កត្តា​នេះ​ហើយ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ជា​ពិសេស​ប្រជា​សហគមន៍ ឧត្តម​ស្រែ​ពស់ រឹត​តែ​ដាក់​ការ​សង្ស័យ​ទៅ​លើ​សមត្ថកិច្ច​ចម្រុះ មន្ត្រី​រ៉ែ​និង​ថាមពល​ស្រុក និង​ខេត្តកំពង់ស្ពឺ សង្ស័យ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ខ្លាំង​ថែម​ទៀត​ផង​។

យោង​តាម​ប្រភព​ពី​មន្ត្រី​ក្នុងស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹង​ថា​ ទីតាំង​ការដ្ឋាន​ខ្សាច់​ខាងលើ បាន​ធ្វើ​សកម្ម​ភាព​ជីក​កាយ បូម​យក​ខ្សាច់​ជិត​មួយ​ខែ​មក​ហើយ មាន​ទំហំ​ជិត​១​ហិ​កតា​ទៅ​ហើយ ដោយ​ម្ចាស់​ទីតាំង​មួយ​នេះ​បាន​តំឡើង​ម៉ាស៊ីន​បូម​ខ្នាត​ធំ​ៗ និង​មាន​គ្រឿងចក្រ​មួយ​ចំនួន​ធ្វើការ​ជីក​កាយ និង​បូម​ជា​រៀងរាល់ថ្ងៃ ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *