បាត់ដំប៖ជីដូនជាប់រវល់ការងារផ្ទះភ្លេចខ្លួនបន្តិចចៅៗប្រុសស្រីនាំគ្នាចុះលេងទឹកស្រះក្បែរផ្ទះបណ្តាលឱ្យលង់ស្លាប់ទាំង២នាក់។ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលនៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា កុមារីលង់ទឹកស្លាប់ឈ្មោះណាំង ស្រីនិច្ច អាយុ ៥ឆ្នាំនិងកុមារា ឈ្មោះ រតនា ប៊ុនថៃ អាយុ៤ឆ្នាំទាំង២នាក់នៅភូមិ-ឃុំខាងលើក្នុងបន្ទុកគ្រួសារជាមួយជីដូនហើយត្រូវជាបងប្អូនជីដូនមួយគ្នា។
ឈ្មោះញាន ស៊ីណា ត្រូវជាម្តាយមីងក្មេងរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុក្មួយនាងទាំង២នាក់បានឡើងលេងនៅលើគោយន្ត។បន្តិចក្រោយមកស្រាប់តែបាត់ក្មួយទាំង២នាក់ដោយមិនដឹងទៅណាក៏នាំគ្នាដើររកឃើញស្បែកជើងនៅជិតស្រះ។បន្ទាប់ពីសង្ស័យបានចុះរាវរកក៏ប្រទះឃើញពួកគេទាំង២ហើយនាំយកទៅមន្ទីរពេទ្យ។គ្រូពេទ្យបានប្រាប់ថាក្មេងទាំង២បានស្លាប់បាត់ទៅហើយ៕