ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទំនិញរត់ពន្ធខូចគុណភាពតាមច្រករបៀង និងដុតកំទេចសាច់មាន់ខូចគុណភាពចំនួន១៥០០គីឡូក្រាម

បន្ទាយមានជ័យ៖ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដុតកំទេចសាច់មាន់ខូចគុណភាពចំនួន ១៥០០ គីឡូក្រាម ភ្លៅមាន់ និងសាច់មាន់ខូចគុណភាព ចំនួន១៥០០ គីឡូក្រាម ដែលនាំចូលពីប្រទេសថៃតាមច្រករបៀងអូរបី ត្រូវបានបង្ក្រាប និងដុតកំទេចចោលនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ។ ការដុតកំទេចចោល ភ្លៅមាន់ និងសាច់មាន់ខូចគុណភាពនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបានរថយន្តប្រភេទទេសចរណ៍មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2G-6546 ដឹកភ្លៅនិងសាច់មាន់ ចំនួន1500គីឡូក្រាម។ រថយន្តដឹកសាច់មាន់ខូចគុណភាពនាំចូលពីប្រទេសថៃនេះ ត្រូវបានបង្ក្រាបនៅ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ភូមិសាស្រ្តច្រករបៀងអូរបីជាន់។ តាមរបាយការណ៍ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ក្រោយបង្ក្រាបបាន ភ្លៅនិងសាច់មាន់ទាំងនោះត្រូវបានប្រគល់ជូនមន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីមន្ត្រីជំនាញត្រួតពិនិត្យគុណភាព រកឃើញថា សាច់មាន់ទាំងនេះខូចគុណភាព ជាប្រភេទសាច់សល់ក្នុងបាតទូក្លាសេ មានសភាពស្អុយរលួយ ក្នុងករណីពលរដ្ឋយកមកទទួលទាននឹងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ង និងបង្កផលប៉ះពាល់ដល់ខួរក្បាល។ តាមរបាយការណ៍ដដែលបានបញ្ជាក់ថា ក្រោយត្រួតពិនិត្យរួចរាល់ មន្ត្រីជំនាញ មានសមត្ថកិច្ច បានចូលរួមដុតកំទិចចោលនូវទំនិញខូចគុណភាពនោះ និងបានធ្វើកំណត់ហេតុល្មើសច្បាប់គយ ដើម្បីបន្តនីតិវិធីតាមច្បាប់។ ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សុំណូមពរឲ្យពលរដ្ឋ នាំចូលទំនិញដែលមានក្រុមហ៊ុនទទួលខុសត្រូវស្របច្បាប់ ជៀសវាងនាំចូលទំនិញខូចគុណភាព មកលក់ឲ្យពលរដ្ឋទទួលទាន ធ្វើខូចសុខភាព ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *