ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនមនុស្ស៣នាក់ ពីបទលួចប្រមាណ៦.០០០ដុល្លារ ទៅតុលាការ

សៀមរាប៖នគរបាលខេត្តសៀមរាបនិងនគរបាលស្រុកសូទ្រនិគមនៅថ្ងៃទី១៣ ខែឧសភានេះបានចាប់ជនសង្ស័យ៣នាក់ករណីលួចកាបូបដាក់គ្រឿងអលង្ការនិងលុយមានតម្លៃប្រមាណ៦.០០០ដុល្លារនិងត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៣នាក់មានអាយុពី១៥ឆ្នាំដល់អាយុ១៧ ឆ្នាំនៅភូមិប្រវ៉ាល ឃុំ តាយ៉ែកស្រុកសូទ្រនិគម ខេត្តសៀមរាម។ស្ត្រីម្ចាស់កាបូបឈ្មោះ គាន ឃឹម អាយុ ៤៤ឆ្នាំ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប។
នាងបានប្រាប់សមត្ថកិច្ចថា កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ខ្លួនបានដកយកលុយពីកាបូប៥ម៉ឺនរៀលទៅស៊ីការគេរួចក៏ទុកកាបូបនោះដែលមានទាំងគ្រឿងអលង្ការ និងលុយនៅលើគ្រែក្រោមផ្ទះ។រហូតដល់ព្រឹកថ្ងៃទី១១ ខែឧសភាខ្លួនរកមើលកាបូបស្រាប់តែមិនឃើញក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ។
ក្រោយទទួលបានបណ្តឹងកម្លាំងនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍តាយ៉ែកបានស្រាវជ្រាវ រហូតនាំខ្លួនជនសង្ស័យ៣នាក់យកមកសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់បានឆ្លើយថា ពួកខ្លួនពិតជាបានចូលលួចកាបូបនោះនៅលើគ្រែក្រោមផ្ទះមែន។ពួកគេលួចនៅរំលងអាធ្រាត្រចូលថ្ងៃទី១១ ខែឧសភា ។ផែនការពួកគេបើពេលលួចម្ចាស់ងើបទាន់ ពួកគេនឹងកាប់សម្លាប់តែម្ដង ។
បន្ទាប់ពីសាកសួររួចផ្នែកជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនជនសង្ស័យទាំង៣នាក់ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *