រតនគិរី៖ផ្នែកនគរបាលជំនាញខេត្តរតនគិរីនៅព្រឹកថ្ងៃទី២៧ខែមេសាបានញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៦ ខែមេសា កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវរកមុខសញ្ញាមានដីកាចាប់ខ្លួននៅខាងកើតព្រលានយន្តហោះ ក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ពេលនោះកម្លាំង បានជួបជនសង្ស័យ២នាក់ក៏ហៅមកសាកសួរហើយឆែកឆេរឃើញម្សៅក្រាមសថ្លា១ថង់ សង្ស័យជាសារធាតុញៀនដែលជននេះក្ដាប់ក្នុងដៃ។បុរសដែលចាប់ខ្លួនឈ្មោះ វៀង យ៉ាងដេត អាយុ២៨ឆ្នាំនិងឈ្មោះ ម៉ាយ វាំងហៀង អាយុ២២ឆ្នាំពួកគេ២នាក់នេះជាជនជាតិវៀតណាមមុខរបរជាងឈើ។
វត្ថុតាងដកហូតបានរួមមានម្សៅក្រាមសថ្លា ចំនួន១ថង់-ទូរសព្ទ១គ្រឿង-លុយ៤០.០០០រៀល។ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅផ្នែកជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕