កណ្តាល៖ក្មេងប្រុសស្រីជិត១០នាក់នាំគ្នាជិះទូកលេងក្នុងស្រះបណ្តាលឱ្យក្មេងប្រុស២នាក់បងប្អូនធ្លាក់ទឹកបណ្តាលឱ្យលង់ស្លាប់ទាំង២។
អ្នកភូមិបានឱ្យដឹងថា ក្មេងប្រុសស្រី៨នាក់នាំគ្នាជិះទូកលេងក្នុងស្រះហើយទូកឃ្លីងឃ្លោងបណ្តាលឱ្យក្មេងប្រុស២នាក់បងប្អូនធ្លាក់ទឹកស្លាប់ទាំង២។ហេតុការណ៍នេះបានកើតឡើងនៅស្រះទឹកដីចំម្ការមួយក្នុងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១៧ ខែមេសាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុស២នាក់បងប្អូនដែលស្លាប់ឈ្មោះវ៉ៃ សុវណ្ណ អាយុ១៩ឆ្នាំជានិស្សិតត្រូវជាបងនិងឈ្មោះវ៉ៃ សុលាភ អាយុ១២ឆ្នាំជាសិស្សអ្នកទាំង២នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ឪពុកឈ្មោះ វ៉ៃ សាវី អាយុ៥០ឆ្នាំជាងដែកនិងម្តាយឈ្មោះ ហាក់ គឹមស្រ៊ាង អាយុ៤៩ឆ្នាំ។
មុនកើតហេតុមានក្មេងមួយក្រុមចំនួន៨នាក់ ចូលទៅជិះទូកលេងដែលគេដាក់ចោលនៅក្នុងស្រះទឹកមួយ។ពេលក្មេងទាំង៨នាក់ឡើងជិះទូកនោះក៏ឃ្លីងឃ្លោងបណ្តាលឱ្យ២នាក់បងប្អូនធ្លាក់ទឹកលង់ស្លាប់តែម្តង។បន្ទាប់មកបង្កឱ្យភ្ញាក់ផ្អើលដល់ពលរដ្ឋជួយចុះរាវរកស្រង់បានម្នាក់ភ្លាមៗ។ចំណែកម្នាក់ទៀត រាវរករហូតដល់វេលាម៉ោងជាង៩យប់ ថ្ងៃដដែលទើបរកសពឃើញ ។ក្រោយមកសមត្ថកិច្ចជំនាញបានពិនិត្យនិងធ្វើកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕