Uncategorized

ប្រធានមន្ទីរបង្ហាញពីការរីកចម្រើនលើវិស័យសាធារណការក្នុងខេត្តព្រះវិហារ

 

ភ្នំពេញ​៖​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​«​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្តព្រះវិហារ​»​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០២០​។​លោក​បានបង្ហាញ​អំពី​ការរីកចម្រើន​លើ​វិស័យ​ផ្លូវថ្នល់​នៅ​ទូទាំង​ខេត្ត​តំបន់​ព្រំដែន​មួយ​នេះ​មានការ​អភិវឌ្ឍ​ជា​បន្ដបន្ទាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​លោក​សំលាង​ទ្រី​បាន​អះអាងថា​៖​ជា​យុទ្ធសាស្ដ្រ​នាពេល​បច្ចុប្បន្ន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​គ្រប់គ្រង​ផ្លូវថ្នល់​ក្នុង​ខេត្ដ​ទាំងអស់​ប្រវែង​៨០០​គីឡូម៉ែត្រ​។​ក្នុងនោះ​មាន​ប្រមាណ​៤០០​គីឡូម៉ែត្រ​ជា​ផ្លូវ​កៅស៊ូ​(​ផ្លូវជាតិ​និង​ផ្លូវ​ខេត្ត​)​។​លោក​ប្រធាន​បាន​បន្តថា​៖​មន្ទីរ​សាធារណការ​ខេត្ត​បាន​អភិវឌ្ឍន៍​ផ្លូវ​ពី​ចាក់​កៅស៊ូ​DBST​ទៅជា​ផ្លូវ​ប្រភេទ​AC​ខណៈ​ផ្លូវ​មួយចំនួន​ក្នុង​ទី​រួម​ខេត្ត​អភិវឌ្ឍន៍​ពី​ផ្លូវ​កៅស៊ូ​ទៅជា​ផ្លូវ​ចាក់​បេតុង​សរសៃដែក​និង​មាន​លូ​អម​សង្ខាង​ផ្លូវ​ជាដើម​។​

​លោក​សំលាង​ទ្រី​បាន​គូសបញ្ជាក់ថា​៖​ខេត្ត​នឹង​អភិវឌ្ឍន៍​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​ហើយ​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​ហួស​អាយុកាល​គឺ​ត្រូវ​ពង្រឹង​ទៅជា​ផ្លូវ​បេតុង​សរសៃដែក​ឬ​ផ្លូវ​ចាក់​កៅស៊ូ​AC​។​ដោយឡែក​ផ្លូវ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ខេត្ត​នឹងធ្វើ​ការថែទាំ​ជួសជុល​ជាប្រចាំ​ដោយ​មិន​ឱ្យមាន​ក្រឡុក​សំបុ​កមាន់ទេ​។​

​លោក​សំលាង​ទ្រី​បាន​សង្កត់ធ្ងន់ថា​៖​ក្នុង​ខេត្តព្រះវិហារ​ផ្លូវថ្នល់​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​គឺ​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​មិនមាន​ក្រឡុក​សំបុកមាន់​ទៀត​នោះទេ​។​បើទោះបី​ផ្លូវ​ខ្លះ​មិន​ស្អាត​ដូច​ផ្លូវ​ស្ថាបនា​ថ្មី​ក៏ដោយ​។​លោក​បញ្ជាក់ទៀតថា​៖​មន្ទីរ​សាធារណការ​មាន​ក្រុមការងារ​ចំនួន​៦​ក្រុម កំពុង​ធ្វើ​សកម្មភាព​នៅតាម​ដងផ្លូវ​ដើម្បី​ពិនិត្យ​និង​ជួសជុល​លើ​ករណីនេះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *