ព្រះវិហារ៖ លោកឧត្តមសេនីយ៍ទោ សួសសុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងជំរុញដល់កងកម្លាំងនគរបាលគ្រប់ជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ អនុវត្តន៍តួនាទីភារកិច្ចស្នូលរបស់ខ្លួនឱ្យបានខ្លាំងក្លាថែមទៀត។ពិសេសលើការអនុវត្តន៍ការងារគោលនយោបានភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
ការថ្លែងជំរុញរបស់លោកឧត្តមសេនីយ៍ទោស្នងការ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២០ និងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នាឱកាសឈប់សម្រាករយពេល៥ថ្ងៃនាងមុខនេះ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង នាយ នាយរងការិយល័យនិងលោកអធិការក្រុង ស្រុកទាំង៨ ព្រមទាំងនាយប៉ុស្តិ៍រដ្ឋបាលទាំង៥១ប៉ុស្តិ៍។
បន្ទាប់ពីបានស្តាប់របាយការណ៍លើកឡើងរបស់មន្ត្រីជំនាញគ្រប់ផ្នែករួចមក លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ក៏បានថ្លែងជំរុញ ណែនាំឱ្យកងកម្លាំងគ្រប់ជំនាញទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ការទប់ស្កាត់អំពើឆក់ប្លន់ និងការងារចាំបាច់មួយចំនួនទៀត ក្នុងគោលបំណងសម្រេចឲ្យបានជោគជ័យ នូវរាល់ទិសដៅ ផែនការ ដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចុះ៕