ព័ត៌មានជាតិ

កំពស់ទឹកស្ទឹងសែន លើសកម្រិតប្រកាសអាសន្នត្រឹម១១.៥០ម៉ែត្រ

 

ព្រះវិហារ៖នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះកម្ពស់ទឹកដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ បានឡើងរហូត១២,១២ម៉ែត្រ លើសកម្រិតត្រូវប្រកាសអាសន្ន១១,៥០ម៉ែត្រ។ ករណីនេះសូមប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាបងាយរងគ្រោះដទៃទៀត ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីការពារនូវគ្រោះថ្នាក់ផ្សេងៗ និងទ្រព្យសម្បត្តិរបស់ខ្លួន។
លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះថា៖ «កម្ពស់ទឹកដងស្ទឹងសែន ក្នុងខេត្តព្រះវិហារនៅព្រឹកនេះ គឺមានកម្ពស់រហូត១២,១២ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាសន្នត្រឹម ១១.៥០ម៉ែត្រប៉ុណ្ណោះ។ ដូច្នេះកម្ពស់ទឹកឡើងលើសកម្រិតប្រកាសអាសន្ន៨,២តឹក»។

ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានថ្លែងថា កម្ពស់ទឹកអប្បរមាត្រឹម១១,៥០ម៉ែត្រ គឺតម្រូវឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាប ត្រូវមានការប្រុងប្រយ័ត្ន ។ចំណែកកម្ពស់ទឹកអតិបរមា១៣,៥០ម៉ែត្រ គឺប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ត្រូវស្វែងទីទួលសុវត្ថិភាពដែលនៅជិតៗ ។ ប៉ុន្តែលោកថាកម្ពស់ទឹក មិនអាចឡើងដល់១៣,៥០ម៉ែត្រនោះទេ ដោយសារមេឃចាប់ផ្តើមរាំងភ្លៀងរយៈពេល ២ថ្ងៃហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ ។ក្នុងករណីដែលពលរដ្ឋជួបនូវគ្រោះទឹកជំនន់ សូមផ្តល់ព័ត៌មានឱ្យបានឆាប់បំផុត ដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា និងជៀសវាងនូវការគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាការបាត់បង់ទ្រព្យសម្បត្តិផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *