រតនគិរី៖លោកវេជ្ជបណ្ឌិតអេងគុណវុឍប្រធានការិយាល័យជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឱ្យសារព័ត៌មានដឹងកាលពីរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២១ថា៖រយៈពេល១សប្តាហ៍នេះមានមនុស្សប្រមាណ១០០នាក់បានឆ្លងជំងឺគ្រុនឈីកជាបន្តបន្ទាប់ទាំងក្មេងនិងមនុស្សចាស់។ក្រុមគ្រូពេទ្យជួរមុខRRTនៃមន្ទីរសុខាភិបាលខេត្តរកឃើញស្ថិតក្នុងភូមិពីងឃុំល្អក់ស្រុកអូរជុំ ខេត្តរតនគិរី។
លោកប្រធានបានបន្តថា៖“ដោយមានការណែនាំពីឯកឧត្តមថងសាវុនអភិបាលខេត្តនិងលោក វេជ្ជបណ្ឌិត អ៊ុង រតនាប្រធានមន្ទីរសុខាភិបាលខេត្តនោះមកក្រុមការងារគ្រូពេទ្យជួរមុខRRTនៃមន្ទីរសុខា ភិបាលខេត្តបានជួយអន្តរាគមន៍ពួកគាត់យកមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉យ, មណ្ឌលសុខភាពអូរជុំនិងមន្ទីរ ពេទ្យបង្អែកខេត្តរតនគិរីបានចំនួន ៤៣ នាក់។
លោកបានបញ្ជាក់ទៀតថា៖ដើម្បីបង្ការការឆ្លង នៃជំងឺគ្រុនឈីកនេះ ក្រុមគ្រូពេទ្យជួរមុខRRT នៃមន្ទីរសុខាភិបាលខេត្តរតនគិរីបានណែនាំនូវវិធានការអប់រំសុខភាព,បំផ្លាញជម្រកមូសនិងបាញ់ថ្នាំទូទាំងឃុំដែលកើតជំងឺនេះតែម្តង។បច្ចុប្បន្នស្ថានភាពពួកគាត់ក្រោមការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនោះ សុខភាពមានការប្រសើរឡើងគ្មានអ្វីគួរឱ្យបារម្ភនោះទេ៕