កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាមបានសម្រេចបិទទីតាំងចំនួន ៤ កន្លែងជាបណ្តោះអាសន្ន ចាប់ថ្ងៃទី ២៨ខែមីនាឆ្នាំ២០២១នេះ តទៅក្រោយពីលទ្ធផលធ្វើតេស្តសំណាកបង្ហាញថា មានមនុស្សចំនួន៥នាក់។ ក្នុងនោះមានក្មេងស្រីអាយុ១៨ខែម្នាក់ និងក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ គឺវិជ្ជមានជំងឺកូវីដ-១៩។
លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩បានថ្លែងក្នុងកិច្ចប្រជុំប្រញាប់មួយនាព្រឹកថ្ងៃទី២៨មីនាថា៖ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ដែលកំពុងផ្ទុះចំនួន៥ករណីថ្មីទៀតនេះយើងសម្រេចបិទជាបណ្តោះអាសន្ននូវទីតាំងចំនួន ៤កន្លែងនៅក្នុងខេត្ត។ក្នុងនោះមានគ្លីនិកម៉ីមុនីបូរិន្ទ,គ្លីនិកយិនស៊ីណាត,តូបលក់ដូរចំនួន៦ក្នុងផ្សារធំក្រុងកំពង់ចាមនិងមណ្ឌលសុខភាពឃុំខ្ពបតាងួនស្រុកស្ទឹងត្រង់។
លោកអភិបាលខេត្តបានបន្តថា៖ដោយសារថាទីតាំងទាំងបួនកន្លែងនេះបានជាប់ពាក់ព័ន្ធនឹងមនុស្សចំនួន៥នាក់មានផ្ទុកជំងឺកូវីដ១៩គឺស្រ្តីអាយុ៤៥ឆ្នាំម្នាក់រស់នៅភូមិសង្កើប ឃុំសម្បូរ ស្រុកបាធាយ ដែលបានឆ្លងពីកូននៅភ្នំពេញ។ចំណែក៤នាក់ផ្សេងទៀតគឺកុមារីអាយុ១៨ខែម្នាក់កុមារាអាយុ៨ឆ្នាំម្នាក់ស្រ្តីអាយុ២៧ឆ្នាំនៅខេត្តក្រចេះនិងបុរសអាយុ៧៥ឆ្នាំម្នាក់នៅក្រុងកំពង់ចាម។អ្នកទាំងនេះជាកូន,ភរិយា,និងជាឪពុកក្មេក,របស់មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ដែលមានជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលជំងឺនេះនៅក្នុងមន្ទីរពេទ្យខេត្តពង់ចាម៕