ព័ត៌មានសន្តិសុខសង្គម

ដីព្រៃស្រោងជាង៧ហិកតា ត្រូវក្រុមជនទុច្ចរិតប្រើគ្រឿងចក្រកាប់កម្ទេចគ្មានសល់ នៅស្រុកគូលែន

 

ព្រះវិហារ៖ដីព្រៃស្រោងជាង៧ហិកតាត្រូវបានក្រុមជនទុច្ចរឹតប្រើគ្រឿងចក្រកាប់កម្ទេចគ្មានសល់។នាពេលកន្លងមកក្រុមជនល្មើសនៅតំបន់នោះធ្លាប់បានប្រើអំពើហឹង្សាលើសមត្ថកិច្ចផងដែរ។

ថ្មីៗនេះតំណាងអយ្យការអមសាលាដំបូងខេត្តបានដឹកនាំក្រុមការងារជំនាញខណ្ឌរដ្ឋបាលព្រៃឈើសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំត្បែង២ស្រុកគូលែនបើកការស៊ើបអង្កេតស្វែងរកមុខសញ្ញាក្រុមឈ្មួញទុច្ចរិតពាក់ព័ន្ធការប្រើប្រាស់គ្រឿងចក្រកាប់កម្ទេចព្រៃស្រោងជាង៧ហិកតាគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើក្នុងភូមិក្តាក់ឃុំត្បែង២ស្រុកគូលែនខេត្តព្រះវិហារ។

ក្នុងប្រជុំបន្ទាន់ទាក់ទងនឹងករណីបំផ្លាញព្រៃឈើនៅតំបន់ខាងលើនោះកាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២១កន្លងទៅលោកនួនសុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានលើកឡើងថា៖ក្រោយពីការចុះត្រួតពិនិត្យនិងកំណត់ផែនទីទិន្នន័យជាក់ស្តែងនៅក្នុងទីតាំងដីព្រៃដែលក្រុមឈ្មួញប្រើប្រាស់គ្រឿងចក្រកាប់បំផ្លិចបំផ្លាញនេះមានទំហំប្រមាណជាង៧ហិកតាដែលជាប្រភេទព្រៃស្រោងគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ពិតប្រាកដមែន ។

លោកបានបន្តថា៖បុគ្គលដែលប្រព្រឹត្តទង្វើផ្ទុយមាត្រា៩៧ច្បាប់ស្តីពីព្រៃឈើលោកនឹងរៀបចំឯកសារដាក់ទៅថ្នាក់លើនិងបញ្ជូនសំណុំរឿងទៅកាន់តុលាការឆាប់ៗនេះ។បច្ចុប្បន្នមន្រ្តីជំនាញកំណត់បានមុខសញ្ញាជនសង្ស័យបានអស់ហើយ។ចំពោះក្រុមឧក្រិដ្ឋជនដែលនៅពីក្រោយខ្នងនៃបទល្មើសបំផ្លិចបំផ្លាញព្រៃឈើគឺនៅទីតាំងខាងលើនេះ។
ជាមួយគ្នានោះ លោក វុធ សាវីព្រះរាជអាជ្ញារងតំណាងអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងថា៖ចំពោះអ្នកពាក់ព័ន្ធក្នុងករណីនេះសមត្ថកិច្ចជំនាញកំណត់បានអត្តសញ្ញាណអស់ហើយ ដោយស្ថាប័នតុលាការនៅរង់ចាំសំណុំរឿងពីខាងជំនាញបញ្ជូនមកតែប៉ុណ្ណោះ។

គួររំលឹកថា៖នៅភូមិសាស្រ្តភូមិក្តាក់ឃុំត្បែង២ស្រុកគូលែនកាលពីអំឡុងឆ្នាំ២០១៣មានករណីហឹង្សានេះកើតឡើងម្តងរួចហើយនៅពេលដែលមន្រ្តីអនុវត្តច្បាប់ខាងស្ថាប័នតុលាការនិងជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះវិហារចុះបង្រ្កាបបទល្មើសព្រៃឈើនៅភូមិសាស្រ្តនោះ។ស្រាប់តែក្រុមជនល្មើសធ្វើការឡោមព័ទ្ធមន្រ្តីជំនាញនិងក្រុមការងារអស់រយៈពេល១យប់ទល់ភ្លឺប្រដាប់ដោយកាំបិតពូថៅនិងកាំភ្លើងកែច្នៃ។ក្នុងពេលនោះដោយសារតែមានការអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ទើបរំដោះបានក្រុមការងារមកវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *