ព្រះវិហារ៖ម្ចាស់អាជីវកម្មសេវាកម្មចំនួន២៥ទីតាំងក្នុងខេត្តព្រះវិហារបានទទួលប័ណ្ណសរសើរ និងពានដែលបានចូលរួមអនុវត្តន៍បានយ៉ាងល្អប្រសើរនៃបរិស្ថានគ្មានផ្សែងបារីលើវិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ បានឱ្យដឹងកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ថា៖ ក្រោមកិច្ចសហការ រវាងក្រសួងទេសចរណ៍ ជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
ជាមួយនោះ ក្រុមការងាររបស់ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានចុះវាយតម្លៃដល់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន អាហារដ្ឋាននៅក្នុងក្រុងព្រះវិហារ និងឃុំស្រអែម ស្រុកជាំក្សាន្ត សរុបចំនួន ៤៧ទីតាំងអាជីវកម្ម លើការចូលរួមចាត់តាំងអនុវត្ត បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ក្នុងដំណាក់កាលកូវីដ-១៩ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។
ប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្តថា ៖លទ្ធផលសម្រេចបានក្នុងការត្រួតពិនិត្យវាយតម្លៃ មានមូលដ្ឋានអាជីវកម្មសេវាកម្មចំនួន២៥ទីតាំង ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នាដំណាក់កាលកូវីដ-១៩ ។ក្នុងនោះបានប្រគល់ប័ណ្ណសរសើរ និងពានដោយក្រុមការងាររបស់មន្ទីទេសចរណ៍ខេត្តនៅមន្ទីរទេសចរណ៍ខេត្ត និងនៅសណ្ឋាគារព្រះវិហារជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។
លោក គង់ វិបុល ក៏បានអំពាវនាវឱ្យម្ចាស់អាជីវកម្ម សេវាកម្មសូមចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងម៉ឹងម៉ាត់បំផុត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទាក់ទងនឹងសារាចរណ៍ណែនាំរបស់រដ្ឋាភិបាលក៏ដូចជា ក្រសួងទេសចរណ៍ នៅក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ៕