Uncategorized

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្រោចស្របលើផ្ទៃដីជាង៨.០០០ហិចតា នៅស្រុកស្រីសន្ធរ

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីជាង ៨,០០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ៧គ្រឿងចំនួនមួយកន្លែង។

ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីច្រើនជាង ៨,០០០ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង។ ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍មានស្ថានីយបូមទឹកបំពាក់បច្ចេកវិទ្យាទំនើបខ្នាតធំបូមទឹកពីទន្លេដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងទាំងរដូវវស្សា។

សមិទ្ធផលមហាសាលនេះ ស្ថិតក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគាវិនិយោគសហគមន៍អឺរ៉ុប និងរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី DFAT និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ការសាងសង់ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិមានគោលបំណង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី និងធានាបាននូវសន្តិសុខទឹកសម្រាប់គ្របតម្រូវការ ដោយប្រើប្រាស់ថវិកាប្រមាណ ៣២លានដុល្លា៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *