បាត់ដំបង៖ លោក នួន សាន អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាត់ដំបង បានលើកឡើងថា សារព័ត៌មានមានសារសំខាន់ណាស់សម្រាប់សង្គមជាតិ ដោយលោកបានលើកទឹកដល់អ្នកសារព័ត៌មាន តាមយកព័ត៌មានឲ្យបានច្រើន ដើម្បីបង្ហាញជូនសាធារណជន។
ការថ្លែងបែបនេះរបស់លោក នួន សាន ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធលើការអនវត្តច្បាប់ស្តីពីរបបសារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ នៅសណ្ឋាគារប្រស៊ីដង់ ក្រុងបាត់ដំបង ក្រោមកិច្ចសហការរៀបចំដោយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងដោយមានការចូលរួមពីសិក្ខាកាមចំនួន ៣៩នាក់ ក្នុងនោះមានខាងកម្លាំងនគរបាល ខាងសាលាឧទ្ធរណ៍បាត់ដំបង អ្នកសារព័ត៌មានប្រចាំខេត្តបាត់ដំបង អង្គការលីកាដូ អង្គការអាដហុកផងដែរ។
លោក សឹង ម៉ុនវិចិត្រ ប្រធានគម្រោងអង្គការជំនួយផ្នែកច្បាប់ ឡើងរាយការណ៍ពីលទ្ធផលការងារស្តីពីការគាំទ្រផ្លូវច្បាប់ដល់អ្នកសារព័ត៌មានក្នុងឆ្នាំ២០១៩-២០២០ ដោយមានអ្នកសារព័ត៌មានជាច្រើនបានរងបណ្តឹងជាច្រើនករណី។
លោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានបង្ហាញអំពីគោលបំណងគម្រោង គឺលើកស្ទួយ និងការពារអ្នកសារព័ត៌មានឲ្យរួចផុតពីកាចោទប្រកាន់នានា។
កិច្ចពិភាក្សាខាងលើត្រូវបានអ្នកសារព័ត៌មានជាច្រើនបានលើកឡើងពីការលំបាកក្នុងការយក និងផ្សាយព័ត៌មានដែលមានបញ្ហាប្រឈមជាច្រើន ទាំងផ្នែកផ្លូវច្បាប់ និងការអនុវត្តយកព័ត៌មានជាក់ស្តែងផង។
ឆ្លើយតបនឹងបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន លោក នួន សាន បានឆ្លើយតបតាមនីតិវិធីច្បាប់ ដើម្បីពង្រឹងនៅក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន គឺគ្មានអ្វីធំជាងការស្វែងយល់គ្នា កុំខ្លាចគ្នា យោគយល់គ្នា មានដែនកំណត់រៀងខ្លួនរវាងអ្នកអនុវត្តច្បាប់ និងអ្នកសារព័ត៌មាន នឹងនាំមកនៅសេចក្តីសុខរៀងៗខ្លួន។
លោក នួន សាន បានសំណូមពរឲ្យអ្នកសារព័ត៌មាន ត្រូវរំលេចព័ត៌មានឲ្យបានច្រើនអំពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យសាធារណជនបានកាន់តែយល់ ជៀសឲ្យផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍ផងដែរ៕