ភ្នំពេញ៖ នៅទីបំផុតនារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ តុលាការខេត្តបាត់ដំបងបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នលើ លោក គឹម ពន្លក អតីតអធិការស្រុកកំរៀង ខេត្តបាត់ដំបង ពីបទការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
នៅក្នុងដីការបស់ចៅក្រមស៊ើបសួរ ឃី ឆៃ បានសម្រេច៖ ទី១៖ បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ គឹម ពន្លក ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ ទៅពន្ធនាគារខេត្តបាត់ដំបង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី។ ទី២៖ បង្គាប់ឲ្យប្រធានពន្ធនាគារ ខេត្តបាត់ដំបង ទទួល និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ទី៣៖ បង្គាប់ឲ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការអនុវត្តឲ្យបានល្អនៅក្នុងករណីចាំបាច់។
សូមជំរាប កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។ ការចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញ ធ្វើឡើងបន្ទាប់ពីមានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា។