កំពត៖យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងចំណែកម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរដោយរថយន្តកែច្នៃបុកជាមួយម៉ូតូកាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣១ស្ថិតក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកំពង់ត្រាចបានប្រាប់ឱ្យដឹងថាជនរងគ្រោះទាំងពីរនាក់រួមមាន១.ឈ្មោះសេង ទូច អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកអ្នករួមដំណើរជាមួយដែលរងរបួសឈ្មោះស៊ឹមឡាយភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិកោះម៉ាក់ប្រាង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ប្រភពដដែលបានរៀបរាប់ថាកាលពីយប់ថ្ងៃទី១៩ខែមិថុនាមានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣១ស្ថិតក្នុងភូមិបឹងធំខាងកើតឃុំអង្គសុរភីស្រុកកំពង់ត្រាច។ករណីនោះគឺរថយន្តកែច្នៃបានបុកម៉ូតូម៉ាកអិចសង់ទ័របណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តតាកែវជាបន្ទាន់។ជាអកុសលដោយសារស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងយុវជនម្នាក់នោះក៏ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យតែម្តង។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថាក្រោយកើតហេតុអ្នកបើកបររថយន្តច្នៃបានចុះរត់គេចខ្លួនបាត់ទុករថយន្តដែលក្រឡាប់នៅកន្លែងកើតហេតុ។ប៉ុន្តែអ្នកបើកបររូបនេះត្រូវគេស្គាល់ឈ្មោះគង់ ម៉ាងភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត៕