បាត់ដំបង៖រថយន្តឡង់គ្រីស័រមួយគ្រឿងខណៈបើកបរលឿនបានផ្ទុះបែកកង់កណ្តាលផ្លូវហើយរេចង្កូតទៅបុកដើមឈើបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់របួសបុរស២នាក់។ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចភូមិតាននឃុំមានជ័យស្រុកសំឡូតខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០។
សមត្ថកិច្ចបានឱ្យដឹងថាមុនពេលគ្រោះថ្នាក់កើតឡើងអ្នកស្រុកបានឃើញរថយន្តមួយគ្រឿងបានបើកបរបោះពួយយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច។លុះដល់ចំណុចកើតហេតុក៏ផ្ទុះកង់ហើយបានរេចង្កួតទៅបុកដើមឈើនៅក្បែរនោះបណ្តាលឱ្យអ្នករួមដំណើរម្នាក់ស្លាប់នៅនឹងកន្លែងនិងរងរបួស២នាក់។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះដែលស្លាប់មានឈ្មោះហួនធីភេទស្រីអាយុ៦១ឆ្នាំ។ចំណែកជនរងគ្រោះរបួសចំនួន២នាក់ផ្សេងទៀតមានឈ្មោះចនចាន់រ៉ាភេទប្រុសអាយុ២២ឆ្នាំរបួសបាក់ជើងនិងម្នាក់ទៀតឈ្មោះចនសុហិនភេទប្រុសអាយុ៣២ឆ្នាំរងរបួសស្រាលជាអ្នកបើកបរ។
ទាំងបីនាក់រស់នៅក្នុងភូមិសំឡូតឃុំសំឡូតស្រុកសំឡូតខេត្តបាត់ដំបង។រីឯរថយន្តដែលរងការខូចខាតម៉ាកឡង់គ្រីស័រពណ៌ស្លែពាក់ស្លាកលេខភព២H៤២៣៩។ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យធ្វើកំណត់ហេតុហើយប្រគល់សាកសពជនរងគ្រោះឱ្យទៅក្រុមគ្រួសារនិងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ៕