បរទេស÷តាមគេហទំព័របរទេសមួយឈ្មោះ SinChew បានផ្សាយឱ្យដឹងថា មានករណីដ៏ភ្ញាក់ផ្អើលមួយ ដែលបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះគឺនៅពេលដែលមានវ៉ាលីសមួយពណ៌ក្រហមត្រូវបានគេប្រទះឃើញត្រូវគេបោះបង់ចោលក្នុងតំបន់ នៃទីក្រុង Ngawi ខេត្ត Java កណ្តាល។ប៉ុន្តែពេលបើកមើល ស្រាប់តែគេឃើញសាកសពអាក្រាតកាយរបស់យុវតិម្នាក់ ដែលត្រូវបានគេសម្លាប់កាត់ក្បាល និងកាត់ជើងនៅក្នុងវ៉ាលីសនោះគួរឱ្យរន្ធត់ក្រៃលែង។
តាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ កាលពីថ្ងៃទី២៣ ខែមករាបានបញ្ជក់ថា អ្នកភូមិម្នាក់ឈ្មោះ Yusof អាយុ៤០ឆ្នាំបានប្រទះឃើញវ៉ាលីសក្រហមដែលគេបោះចោលក្នុងគំនរសំរាមក្បែរភូមិរបស់គាត់។ដោយមានការចង់ដឹង គាត់ក៏បានទៅបើកវា។ ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺបែរជាប្រទះឃើញសាកសពស្ត្រីអាក្រាតកាយម្នាក់ដាក់នៅខាងក្នុងវ៉ាលីសនោះ ប៉ុន្តែគ្មានក្បាល ឬជើងទេ។ ភ្លាមៗនោះ គាត់បានជូនដំណឹងទៅប៉ូលិសភ្លាមៗ។
ប៉ូលិសឥណ្ឌូណេស៊ីបានកំណត់អត្តសញ្ញាណអ្នកស្លាប់តាមរយៈស្នាមម្រាមដៃ ដោយអ្នកនាំពាក្យប៉ូលិសបាននិយាយថា ជនរងគ្រោះគឺឈ្មោះ Uswatun Khasanah អាយុ ២៩ ឆ្នាំ ជាស្រ្តីមេម្តាយមានកូនពីរនាក់។ ប៉ូលិសបានបញ្ជាក់ថា ក្បាល និងជើងរបស់ជនរងគ្រោះ មិនមាននៅក្នុងវ៉ាលីសនោះទេ ហើយអ្នកស៊ើបអង្កេតក៏កំពុងបន្តស្វែងរកផងដែរ។
លទ្ធផលកោសល្យវិច្ច័យបឋម អាជ្ញាធរបានដាក់ការសង្ស័យថា នាងត្រូវបានគេច្របាច់.កសម្លាប់។ បន្ទាប់មក ឃាតករបានបំបែកសាកសពរបស់នាង មុននឹងយកដាក់ក្នុងវ៉ាលីស ហើយយកទៅបោះចោលនៅកន្លែងកើតហេតុ។
ឪពុករបស់សពមានការតក់ស្លុត និងខូចចិត្តយ៉ាងខ្លាំង នៅពេលដឹងដំណឹងថា កូនស្រីត្រូវគេសម្លាប់។ គាត់ក៏បានអំពាវនាវឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឃាតករឲ្យខាងតេបានឆាប់បំផុត និងផ្តន្ទាទោសតាមច្បាប់ ដើម្បីឲ្យកូនស្រីរបស់គាត់ទទួលបានយុត្តិធម៌។ឪពុករូបនោះបាននិយាយថា «ខ្ញុំមិនអាចទទួលយកបានទេ ដែលកូនស្រីរបស់ខ្ញុំត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃបែបនេះ។ ខ្ញុំមិនដឹងថា នាងមានជម្លោះនឹងអ្នកដ៏ទៃទេ។ ប៉ុន្តែអំពើឃាតកម្មដ៏សាហាវឃោរឃៅនេះមិនអាចលើកលែងទោសបានឡើយ» ។ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទ៦ ខែមករា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យនៅ Tulungagung ចម្ងាយប្រហែល៣ម៉ាយពី Ngawi ដែលជាកន្លែងរកឃើញវ៉ាលីស។ បន្ទាប់មក ក្រុមមន្ត្រីសមត្ថកិច្ចបានរកឃើញក្បាលរបស់នាងនៅក្នុងទីក្រុងមួយផ្សេងទៀត ដែលមានចម្ងាយធ្វើដំណើរប្រហែល១ម៉ោងពី Tulungagung ។
ប៉ូលិសបានបង្ហើបថា ជនសង្ស័យជាអតីតជាអ្នកលក់រថយន្ត ធ្លាប់មានប្រវត្តិព្រហ្មទណ្ឌ។ តែទោះបីជាយ៉ាងណា មិនទាន់មានការបញ្ជាក់ពីការមានទំនាក់ទំនងទៅនឹងជនរងគ្រោះ ឬមូលហេតុនៃបទឃាតកម្មនេះទេ។ ខណៈដែលបានដឹងថា នារីជនរងគ្រោះធ្វើការជាអ្នកលក់គ្រឿងសម្អាង នៅ Tulungagung ហើយបានវិលត្រឡប់ទៅស្រុកកំណើតនៅ Ngawi ក្នុងមួយសប្តាហ៍ម្តង៕