Uncategorized

ក្រសួងមហាផ្ទៃ សម្រេចដាក់ឲ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ DMS

ភ្នំពេញ ៖ដើម្បីបង្កើនប្រសិទ្ធភាពការងារផ្ដល់សេវាសាធារណៈ និងជំរុញការការពារសន្តិសុខ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា DMSនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកលោកអភិសន្តិបណ្ឌិត ស សុខា បានចេញសេចក្តីណែនាំស្តីពីនីតិវិធីលំហូរឯកសាររដ្ឋបាលតាមប្រព័ន្ធឌីជីថល។អនុវត្តតាមផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ឆ្នាំ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រសិទ្ធភាពការងារលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងជំរុញការការពារសន្តិសុខជាតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្រសួងមហាផ្ទៃបានសម្រេចដាក់ឱ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ DMS (Document Management System) ជំនាន់ទី១ តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ។ ប្រព័ន្ធDMS ជំនាន់ទី១ ដែលមានភាពបត់បែន អាចកែសម្រួលជាបន្តបន្ទាប់ ក្រោយពីដាក់ឱ្យប្រើប្រាស់ស្របទៅតាមស្ថានភាពខុសគ្នា និងការប្រែប្រួលនៃបរិបទលំហូរឯកសាររដ្ឋបាលក្នុង អង្គភាព។
ដើម្បីធានាបាននូវប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃការប្រើប្រាស់ ក្រសួងមហាផ្ទៃ បានរៀបចំប្រតិបត្តិ ស្តង់ដានិងនីតិវិធីលំហូរឯកសាររដ្ឋបាលតាមប្រព័ន្ធ DMS ដូចតទៅ៖
១. បង្កើតក្រុមការងារផ្ទៃក្នុងអង្គភាព ដើម្បីគ្រប់គ្រងត្រួតពិនិត្យតាមដាន និងវាយតម្លៃចំពោះលទ្ធផល បញ្ហាប្រឈម និងហានិភ័យនានាដែលកើតមានឡើងក្នុងអំឡុងពេលដំណើរការប្រព័ន្ធ DMS ដែល ក្រុមការងារនេះមានតួនាទីសហការ សម្របសម្រួល ជូនដំណឹងមកក្រុមការងារបច្ចេកទេសនៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំដើម្បីដោះស្រាយបញ្ហាប្រឈមហានិភ័យនិងកែលម្អប្រព័ន្ធឱ្យមានលក្ខណៈល្អប្រសើរបម្រើដល់ការបញ្ជូនឯកសាររដ្ឋបាលប្រកបដោយប្រសិទ្ធភាព។
២. បញ្ជូននិងទទួលឯកសារតាមរយៈប្រព័ន្ធ DMS រវាងអង្គភាពរបស់ខ្លួន តាមបែបបទរដ្ឋបាល មកខុទ្ទកាល័យក្រសួងមហាផ្ទៃឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្លេខាធិការ និងអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។
៣. រៀបចំបែងចែកភារកិច្ចទទួលខុសត្រូវរបស់អ្នកប្រើប្រាស់ នៅតាមបណ្តាអង្គភាពរបស់ខ្លួន ឱ្យបាន សមស្របទៅតាមលក្ខខណ្ឌដូចមានកំណត់នៅក្នុងនីតិវិធីប្រតិបត្តិស្តង់ដា។
៤. រៀបចំបញ្ជូនហត្ថលេខាឌីជីថលផ្លូវការរបស់ថ្នាក់ដឹកនាំអង្គភាព មកក្រុមការងារបច្ចេកទេសរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធ DMS និងដាក់ ភ្ជាប់ជាមួយគណនីរបស់សាម៉ិខ្លួន សម្រាប់ចុះហត្ថលេខាលើឯកសារឌីជីថល។
៥. ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននិងអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ ដែលត្រូវចុះហត្ថលេខា និងត្រា លើឯកសារ ត្រូវធស្នើសុំតម្កល់ហត្ថលេខា និងត្រាឌីជីថល តាមប្រព័ន្ធ DMS និងរក្សាទុកនៅ នាយកដ្ឋានរដ្ឋបាលសរុបនៃអគ្គនាយកដ្ឋាននិងអង្គភាពរបស់ខ្លួន។
៦. ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននិងអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ ដែលមានភារកិច្ចពិនិត្យ និង សម្រេចលើឯកសារឌីជីថលតាមប្រព័ន្ធ DMS ត្រូវបង្កើតគណនីដោយភ្ជាប់ជាមួយហត្ថលេខា និង ត្រាឌីជីថល និងប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព ២FA (Two-Factor Authentication) សម្រាប់ ការពារគណនីពីការលួចចូលទៅប្រើប្រាស់។
៧. ត្រូវជូនដំណឹងបន្ទាន់មកអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងករណីបាត់ កុំព្យូទ័រ ឧបករណ៍ចល័តប្តូរលេខ ទូរសព្ទ ឬអ៊ីមែល ដែលតភ្ជាប់ជាមួយគណនីប្រើប្រាស់ប្រព័ន្ធ DMS ឬករណីសាម៉ីខ្លួនពិនិត្យឃើញកុំព្យូទ័រឬឧបករណ៍របស់ខ្លួន កំពុងប្រឈមនឹងហានិភ័យ ឬរងការវាយប្រហារណាមួយ។
៨. រៀបចំរបាយការណ៍បូកសរុបលទ្ធផលនៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ ប្រចាំខែ ត្រីមាស ឆមាសនព្វមាស និងប្រចាំឆ្នាំ ដោយរំលេចនូវបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ រួចបញ្ជូនមកអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដើម្បីបូកសរុបគោរព រាយការណ៍ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
៩. រៀបចំយន្តការចាំបាច់នានាផ្សេងទៀត តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ទទួលបានសេចក្តីណែនាំនេះ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គាធិការ នៃអគ្គាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធនាគារ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយក នៃ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធានក្រុមប្រឹក្សានីតិកម្ម នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ. អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក. ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ។.ប្រធានអង្គភាពពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តត្រូវទទួលបន្ទុកផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *