ខេត្តកំពត ៖ ក្នុងឱកាសអញ្ជើញជាអធិបតី «បើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទអបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការចូលរួមរបស់មិត្តអន្តរជាតិ បណ្តាស្ថានទូត បណ្តាប្រទេសនានាដែលមានស្តង់ និងមានបញ្ជូនក្រុមរបាំដើម្បីចូលរួម ដែលនេះគឺបង្ហាញអំពីស្មារតីនៃការរួមគ្នា ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍។
ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា «ទេសចរណ៍គឺជាការតភ្ជាប់រវាងប្រជាជននិងប្រជាជនដែលជាផ្នែកមួយសំខាន់នៃការតភ្ជាប់រវាងប្រជាជននៅក្នុងខេត្តផ្សេង និងការតភ្ជាប់រវាងប្រជាជនក្នុងប្រទេសផ្សេងៗ រួមមានវប្បធម៌ សិល្បៈ និងទេសចរណ៍ ពោលគឺជាកិច្ចការសំខាន់ដែលកម្ពុជាយកចិត្តទុកដាក់ក្នុងការតភ្ជាប់ និងការជំរុញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យសមុទ្រនេះធ្វើឡើងមិនត្រឹមតែបង្កការសប្បាយ និងទាក់ទាញប៉ុណ្ណោះទេ។ ប៉ុន្តែអ្វីដែលពិសេសនោះគឺថា កម្ពុជាគ្រប់ទីកន្លែងទាំងអស់មានសុវត្ថិភាព មានសន្តិភាព ដែលប្រជាជនខ្មែរគ្រប់ទីកន្លែងអាចមកលេងបាន ហើយប្រជាជនបរទេសអាចមកលេងបានគ្រប់ពេលវេលាទាំងអស់៕