ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាពិសេសទេសចរចិន ខណៈដែលថ្នាក់ដឹកនាំកម្ពុជា និងចិនបានកំណត់យកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍នៃប្រទេសទាំងពីរ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ២០២៤ ដែលសហការរៀបចំដោយក្រសួងព័ត៌មាននៃព្រះព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម នេត្រ ភក្រ្តាមានប្រសាសន៍ថា ដើម្បីបង្កើនភាពទាក់ទាញលើវិស័យទេសចរណ៍នៅកម្ពុជា អ្នកសារព័ត៌មាន ត្រូវបង្កើនធ្វើការផ្សព្វផ្សាយលើសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដែលទាំងនេះមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកទេ តែវាក៏ទាក់ទាញដល់ភ្ញៀវទេសចរបរទេស ពិសេសប្រទេសចិនដែលជាឆ្នាំ នៃការលើកកម្ពស់វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ។
ឯកឧត្តមបញ្ជាក់ថា តាមរយៈនេះ គឺអាចធ្វើឱ្យប្រជាជនចិនបានទទួលព័ត៌មានពីសក្តានុពលទេសចរណ៍នៅកម្ពុជា។ឆ្នាំ២០២៥គឺជាឆ្នាំលើវិស័យទេសចរណ៍រវាងកម្ពុជា-ចិន ក្រសួងព័ត៌មានក៏ដូចជាអ្នកសារព័ត៌មានរបស់កម្ពុជា ត្រូវបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍ដែលជាឱកាសក្នុងការផ្សព្វផ្សាយនូវអ្វីដែលកម្ពុជាយើងមានស្រាប់ហើយ ។
ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ថា ៖ « យើងត្រូវបង្កើនឱ្យបានជ្រួតជ្រាបលើស្រទាប់ពលរដ្ឋប្រជាជនចិន ក៏ដូចជាប្រទេសដទៃទៀតក្នុងការធ្វើដំណើរមកកម្សាន្តនៅប្រទេសកម្ពុជា ក្នុងនេះដូចជាតំបន់ទេសចរណ៍ថ្មីៗទើបបង្កើតឡើង កន្លែងតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងក្រៅពីនេះក៏ត្រូវផ្សព្វផ្សាយផងដែរនូវមុខម្អូបប្រពៃណី ទំនៀមទំលាប់ពលរដ្ឋរស់នៅតំបន់សហគមន៍ ជាដើមដែលទាំងអស់នេះសុទ្ធសឹងជាផ្នែកមួយទាក់ទាញការចាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋចិនក្នុងការធ្វើដំណើរមកទស្សនា និងកម្សាន្តនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ តួនាទីរបស់អ្នកសារព័ត៌មានក្នុងការសរសេរព័ត៌មានផ្សព្វផ្សាយ ក៏ដូចជាផ្តិតយករូបភាព ឯកសារផ្សេងៗក្នុងការជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ព្រោះថា កាលណាផ្សព្វផ្សាយបានទូលំទូលាយនោះហើយគឺជាការទាក់ទាញយ៉ាងសំខាន់ទៅដល់ភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសកម្ពុជារបស់យើង។
លោកសយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិនបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនដោយបានគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលចិនដែលបានខិតជំរុញឱ្យមានការផ្លាស់ប្តូរទេសចរនៃប្រទេសទាំងពីរនៅឆ្នាំខាងមុខនេះ ហើយក្នុងនាមសមាគមក៏បានត្រៀមលក្ខណៈរួចហើយដែរដើម្បីជំរុញឱ្យការងារនេះទទួលបានជោគជ័យ។
លោកបានបញ្ជាក់ថា៖ « ឆ្នាំក្រោយនេះ កម្ពុជាចិនចាត់ទុកជាឆ្នាំទេសចរ ។ យើងបានឃើញរាជដ្ឋាភិបាល កម្ពុជា និងចិន តាមរយៈឯកអគ្គរដ្ឋទូតចិន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍យើងបានខិតខំផ្សព្វផ្សាយណាស់ ដោយបានចុះអនុស្សារណៈជាមួយខេត្តរបស់ចិន ដើម្បីជំរុញវិស័យទេសចរណ៍ ។ ក្នុងនាមសមាគមសារព័ត៌មានកម្ពុជាចិន យើងបានត្រៀមលក្ខណៈហើយ ។ ក្នុងនោះយើងបានធ្វើដំណើរទៅប្រទេសចិនច្រើនដងហើយដើម្បីជួយជំរុញទាំងអស់គ្នា ធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន។ »
លោកពុយ គាប្រធានក្លឹបអ្នកកាសែតកម្ពុជាបានប្រសាសន៍ថាប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ វិស័យព័ត៌មានត្រូវបានចាត់ទុកថា គឺជាតួអង្គមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ប្រទេសយ៉ាងទាំងពីរទៅវិញទៅមក។ ផ្ទុយទៅវិញបើមិនមានការផ្សព្វផ្សាយពីអ្នកសារព័ត៌មានបានទូលំទូលាយទេ ប្រជាជនប្រទេសទាំងពីរក៏មិនបានដឹង ពីសក្តានុពលទេសចរណ៍ដែលយើងមានដែរ។
លោកបញ្ជាក់ដូច្នេះថា ៖ « តួនាទីរបស់សារព័ត៌មានសំខាន់ណាស់ក្នុងការផ្សព្វផ្សាយភ្ជាប់ទំនាក់ទំនងលើគ្រប់វិស័យទាំងអស់រវាងកម្ពុជា និងចិន។ បើសិនគ្មានសារព័ត៌មានផ្សាយទេ មានន័យថា ទាំងការធ្វើទាំងអស់ទាំងការធ្វើថ្នាក់ជាតិ ថ្នាក់តំបន់ ក៏ដូចជារវាងក្រុមហ៊ុន និងក្រុមហ៊ុន ឬមួយក្រសួង និងក្រសួង គឺស្មើនឹងមិនបានដឹងឮ ជាសាធារណៈ ។ អ៊ីចឹងការភ្ជាប់ទំនាក់ទំនងលើគ្រប់វិស័យទាំងអស់ហ្នឹង គឺពឹងផ្អែកលើវិស័យព័ត៌មាន ដែលជួយដើរតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយ ។ ជាពិសេសនោះគឺឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន គឺសំដៅការផ្លាស់ប្តូរទេសចរនេះ ។ អ៊ីចឹងទាល់តែសារព័ត៌មានជួយផ្សាយអំពីទីតាំង អំពីសុវត្ថិភាព អំពីម្ហូបអាសហារ ការស្នាក់នៅ ការធ្វើដំណើរ ពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ទាំងអស់នេះហើយ សុទ្ធតែជាការចូលរួមចំណែកដ៏សំខាន់មែនទែន របស់អ្នកសារព័ត៌មាន។ អ៊ីចឹងហើយបានជាយើងឃើញអ្នកសារព័ត៌មានទាំងពីរប្រទេសនេះ បានខិតខំផ្សាយច្រើនណាស់។ ដោយឡែកដូចរូបខ្ញុំអ៊ីចឹងពេលខ្ញុំទៅស្រុកចិនក៏ដោយ ឬក៏នៅក្នុងវេទិការកម្ពុជាចិន ខ្ញុំតែងតែលើកអំពីបញ្ហាហ្នឹង ។ ក្នុងនោះខ្ញុំក៏បានរួមចំណែកបន្ថែមទៀតសូម្បីតែបងចម្រៀងរបស់ខ្ញុំ ចំណងជើង«លង់ស្នេហ៍គូលីន »ក៏បានបង្កប់អត្ថន័យនូវការផ្សាភ្ជាប់ទំនាក់ទំនងកម្ពុជាចិន ហើយនឹងទេសចរណ៍ រហូតភ្ជាប់ទីក្រុងកួយលីនជាទីក្រុងទេសចរណ៍របស់ចិននោះ ភ្ជាបជាមួយខេត្តសៀមរាបកម្ពុជាយើងទទៅទៀត។ នេះហើយជាការចូលរួមចំណែករបស់អ្នកសារព័ត៌មាន»។
គួររម្លឹកថា ពេលមុនជំងឺកូវីដ-១៩ផ្ទុះឡើង អ្នកទេសចរចិនជាប់លេខ១ ក្នុងការមកកម្សាន្តនៅកម្ពុជា។ ប៉ុន្តែក្នុងអំឡុងកូវីដ-១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិថយចុះក្នុងនោះភ្ញៀវទេសចរចិនក៏ថយចុះដែរ។ តែទោះជាយ៉ាងណាក្តីបច្ចុប្បន្ននេះ មានអ្នកទេសចរចិនបានធ្វើដំណើរមកទស្សនាកម្ពុជាច្រើនបណ្តើរៗឡើងវិញហើយ៕