Uncategorized

លោកជំទាវ ជូ ប៊ុនអេង ធ្វើបាឋកថាចែករំលែកបទពិសោធន៍លើប្រធានបទ”ការប្រយុទ្ធប្រឆាំង និងអំពើជួញដូរមនុស្ស” នៅវិទ្យាស្ថានជាតិសង្គមកិច្ច

 

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិ ការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញ ធ្វើបាឋកថាចែករំលែកបទពិសោធន៍លើប្រធានបទ “ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស” នៅវិទ្យាស្ថានជាតិសង្គមកិច្ច ដោយបានលើកឡើងថា តាមរយៈការសិក្សាលើករណីជាក់ស្តែង រហូតមកទល់ពេលនេះ យើងអាចកំណត់ទម្រង់នៃការកេងប្រវ័ញ្ចអំពើជួញដូរមនុស្សជា ៥ទម្រង់ រួមមាន៖ (១) ការកេងប្រវ័ញ្ចផ្លូវភេទ (២) ការកេងប្រវ័ញ្ចពលកម្ម (៣) ការដកហូតសរីរាង្គ (៤) ការកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធើណេត និងរូបភាពអាសអាភាស និង (៥) អំពើជួញដូរទារក/ កុមារ។ ជាមួយគ្នានេះលោកជំទាវក៏បានជំរុញឱ្យវិទ្យាស្ថានជាតិសង្គមកិច្ចធ្វើបច្ចុប្បន្នភាពនូវមេរៀនស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដើម្បីផ្សព្វផ្សាយលើការវិវត្តន៍នៃបញ្ហាជួញដូរមនុស្ស នាពេលបច្ចុប្បន្ន និងស្នើសុំឱ្យមានការបណ្តុះបណ្តាលជំនាញសង្គមកិច្ចដល់អ្នកសង្គមកិច្ចសម្ព័ន្ធ និងកម្លាំងសេវាសង្គមផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ចបានថ្លែងថា វិទ្យាស្ថានជាតិសង្គមកិច្ច ជាគ្រឹះស្ថានជាតិស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានបេសកកម្មសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្រ្តសង្គម និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ផ្នែកសង្គមកិច្ច ហើយក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាអាណត្តិទី៧នេះលើគោលនយោបាយអភិវឌ្ឍន៍វិស័យសង្គមកិច្ច វិទ្យាស្ថានបានផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញ សង្គមកិច្ច និងវិស័យដទៃទៀតដោយភ្ជាប់នឹងតម្រូវការរបស់សង្គមជាតិឱ្យកាន់តែមានគុណភាព ដើម្បីផ្តល់សេវាសង្គមកិច្ចជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។ ទន្ទឹមនឹងនេះ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី វគ្គផ្សព្វផ្សាយ សិក្ខាសាលា តាមជំនាញនានា ក៏ត្រូវបានរៀបចំដើម្បីផ្តល់ជូនដល់មន្រ្តីរាជការ បុគ្គលិកអង្គការដៃគូដែលផ្តល់សេវាសង្គមកិច្ចជូនដល់ជនរងគ្រោះ ងាយរងគ្រោះនៅកម្ពុជាផងដែរ ដែលនេះគឺជាចក្ខុវិស័យរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងបរិបទនៃការវិវត្តន៍លូតលាស់ឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍(ICT) នៅកម្ពុជា និងសកលលោក ដើម្បីលើកកម្ពស់គុណភាពក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីថ្លែងក្នុង ឱកាសបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ ដែលបានផ្តល់អនុសាសន៍ដល់ក្រសួងលើការពង្រឹងការងារអភិបាលកិច្ច។

ឯកឧត្តម សរ បូរីរក្ស ក៏បានស្នើសុំការអនុញ្ញាតពីលោកជំទាវ ដើម្បីគាំទ្រលើ៖
(១) ផ្សព្វផ្សាយដល់អង្គការពាក់ព័ន្ធ ដើម្បីទទួលការបណ្តុះបណ្តាលលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងដល់អ្នកសង្គមកិច្ចសម្ព័ន្ធ (ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ជាដើម) ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការអនុវត្តការងារជួយដល់ជនរងគ្រោះឱ្យកាន់តែប្រសើរថែមទៀត ។
(២) ជួយគាំទ្រផ្តល់ឱកាសដល់និស្សិតតាមរយៈការហ្វឹកហាត់ការងារតាមបណ្តាអង្គការដែលបានផ្តល់សេវាលើការងារសង្គមកិច្ច ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងក្នុងការអនុវត្តជាក់ស្តែង ។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *