ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់តាំង លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឱ្យដឹកនាំគណៈប្រតិភូអញ្ជើញទៅ ចូលរួមក្នុងសន្និសីទពិភពលោកថ្នាក់រដ្ឋមន្ត្រីលើកទី១ ស្តីពីការបញ្ឈប់អំពើហិង្សាលើកុមារ នៅទី ក្រុងប៊ូហ្គោតា ប្រទេសកូឡំប៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។
មុននឹងអញ្ជើញទៅចូលរួមក្នុងសន្និសីទពិភពលោកថ្នាក់រដ្ឋមន្ត្រីលើកទី១នេះ លោកជំទាវ ញ៉េប សុភាព បានអញ្ជើញសមាសភាពអន្តរក្រសួងចូលរួមប្រជុំលើកដំបូងដើម្បីពិភាក្សាលើ៖ (១) កំណត់ជាក់លាក់សមាសភាពគណៈប្រតិភូអន្តរក្រសួងដែលត្រូវអញ្ជើញចូលរួមក្នុងសន្និសីទនេះ។
(២) ត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុង
ជំហរ និងស្មារតីចូលរួមប្រឆាំងអំពើហិង្សាលើកុមារ ដោយសមាសភាពចូលរួមកិច្ចប្រជុំនេះមាន លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. តំណាងក្រសួងសុខាភិបាល អង្គការដៃគូពាក់ព័ន្ធ ដែលឧបត្ថម្ភគាំទ្ររួមមានអង្គការ Unicef និង WHO រួមនិងមន្រ្តីពាក់ព័ន្ធផងដែរ៕