ព័ត៌មានសន្តិសុខសង្គម

នាំគ្នាទៅបង្ហោះម៉ូតូដល់លើកោះ គិតថាស្ងាត់ឆ្ងាយភ្នែកសមត្ថកិច្ច នៅតែត្រូវអាវុធហត្ថរាជធានីភ្នំពេញស្កាត់បង្ក្រាបបាន២២នាក់!

 

ក្រុមក្មេងទំនើងសរុបចំនួន ២២នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។

សកម្មភាពទំនើងទាំងឡាយណាដែលបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន ដែលជាមេបញ្ជាការរងនិងជានាយសេនាធិការ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាប តាំងពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ មកដល់ឥឡូវនៅតែបន្តដូចភ្លៀងរលឹម ដោយមិនមានការលើកលែង រហូតមានក្រុមខ្លះត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមចូលរួមផ្តល់ព័ត៌មាន ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទ Hotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សារការសម្ងាត់ជូន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *