ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទចូលរួមអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងនគរបាលក្រោមឪវាទជាច្រើននាក់ អញ្ជើញចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលាខេត្ត។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មកពីស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត និងសិស្សាសាលាជាច្រើននាក់។

ឆ្នាំនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន”។ ទន្ទឹមគ្នានេះ អាជ្ញាធរបានធ្វើការដុតបំផ្លាញវត្ថុតាងគ្រឿងញៀនចម្រុះ ចំនួន២៣៤៤៦.៦៥ក្រាម និង ឧបករណ៍ប្រើប្រាស់មួយចំនួន។

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានគេធ្វើឡើងរៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នា ក្នុងគោលបំណង បន្តដាស់តឿន ក្រើនរម្លឹក ដល់ជនគ្រប់រូប ពិសេសយុវជន ឱ្យយកចិត្តទុកដាក់ និងឈ្វេងយល់ឱ្យបានកាន់តែច្បាស់ថែមទៀត អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *