ភ្នំពេញ ៖ព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ សមត្ថភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ បានពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ សន្និសីទលើកទី១នេះ គឺជាជំហានដ៏ចាំបាច់មុតមាំឈានទៅសម្រេចបាននូវទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា ។
សម្តេចធិបតី បញ្ជាក់ថា ៖ ប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដោយក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃយង់ឃ្នង និងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់ បាននាំឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីពឹងគ្មាន។ ក្នុងន័យនេះ វិធីសាស្ត្រប្រសើរបំផុតដើម្បីប្រែក្លាយអតីតកាលរបស់ខ្លួន និងកំណត់អត្តសញ្ញាណជាតិជាថ្មីម្តងទៀត នោះគឺ ការយកចិត្តទុកដាក់ចំពោះប្រជាជន ដែលបានរស់នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិតពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា គឺជាទឡ្ហីការណ៍ បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយប្រទេសសម្រាប់សតវត្សរ៍ទី២១ ៕