(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចប់តួនាទីលោកខេងយ័ន្តអភិបាលក្រុងកែបនៃខេត្តកែប។
យោងតាមអនុក្រឹត្យរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ បានសម្រេចបញ្ចប់មុខតំណែង លោក ខេង យ័ន ឋានន្តរស័ក្តិវីរៈមន្ត្រីពីអភិបាលនៃគណៈអភិបាលក្រុងកែប នៃខេត្តកែប ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមជម្រាបថាការការបញ្ចប់តំណែងនេះស្របតាមអភិក្រមទាំង៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះអនុក្រឹត្យបញ្ចប់មុខតំណែង ជាមួយនឹងខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ។
ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ «ការវះកាត់» តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។
ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការវះកាត់ (អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គង នាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន៕