បន្ទាយមានជ័យ៖អគ្គិភ័យបានឆេះបំផ្លាញផ្ទះមួយខ្នង និងទ្រព្យសម្បត្តិអស់ទាំងស្រុង ស្ថិតនៅភូមិ/ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៣។
លោក យ៉ុង យឺន អភិបាលរងស្រុកថ្មពួកបានឱ្យដឹងថា មុនកើតហេតុម្ចាស់បាននៅក្រោមផ្ទះ ស្រាប់តែភ្លើងបានឆាបឆេះផ្នែកខាងលើ យ៉ាងសន្ធោសន្ធៅទើបបង្កការភ្ញាក់ផ្អើលតែម្តង។ពេលកំពុងឆេះកម្លាំងនគរបាលស្រុកថ្មពួក បានចេញរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ជាមួយនោះភ្លើងបានឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងបាត់ទៅហើយ។ប៉ុន្តែមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនមានមនុស្សរងរបួសឡើយ។
អភិបាលរងស្រុកបានបន្តថា ម្ចាស់ផ្ទះឈ្មោះ អើយ អាយុ៥២ឆ្នាំជាស្ត្រីមេម៉ាយរស់នៅជាមួយកូនចៅ។គ្រោះអគិភ័យនេះបង្កឱ្យខូចខាតផ្ទះឈើលើថ្មក្រោមមានបណ្តោយ១២ម៉ែត្រទទឹង៦ម៉ែត្រអស់ទាំងស្រុងនិងសម្ភារជាច្រើនដែលមិនអាចយកចេញទាន់។មូលហេតុដែលអគ្គិភ័យឆាបឆេះផ្ទះនេះ គឺអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ចំពោះទំហំនៃការខូចខាតសមត្ថកិច្ចមិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយ ព្រោះកំពុងសាកសួរ៕