ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម ឃួង ស្រេង ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជាជិត៦ម៉ឺននាក់ ហែក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ

 

(ភ្នំពេញ)៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត ៦ម៉ឺននាក់ ជួបជុំ និងដង្ហែក្បួនឃោសនាបោះឆ្នោត នៅក្នុងរាជធានីភ្នំពេញ។

ក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានអ្នកចូលរួមសរុបប្រមាណ ៦ម៉ឺននាក់ ក្នុងចំនួននេះមានសមាជិកបក្ស ចាំទទួលស្វាគមន៍តាមដងផ្លូវ ប្រមាណ ៤០,០០០នាក់ លើចម្ងាយផ្លូវប្រមាណ១០គីឡូម៉ែត្រ ជាមួយនឹងការប្រគំតន្ត្រីចំនួន១០ទីតាំង ដោយចាប់ផ្តើមចេញដំណើរពីកោះពេជ្រ និងមកបិទបញ្ចប់នៅក្នុងតំបន់បឹងកក់។

សមាជិក សមាជិកាទាំងអស់សុទ្ធតែបានប្រកាស អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *