កំពង់ធំ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកែច្នៃ បានបុកជាមួយម៉ូតូចំនួន៣គ្រឿង ក្នុងដំណើរបញ្ច្រាសគ្នាពេញទំហឹង បណ្តាលឱ្យស្លាប់២នាក់របួសធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតឡើងនៅត្រង់ភូមិជរ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៣។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនហេតុការណ៍កើតឡើងរថយន្តកែច្នៃកំពុងបើកលើផ្លូវខាងលើ។មកដល់កន្លែងកើតហេតុរថយន្តបានរេចង្កូតទៅបុកម៉ូតូមកពីមុខចំនួន៣គ្រឿងពេញទំហឹងបណ្ដាលមានអ្នករបួសនិងស្លាប់តែម្តង។ ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ សុក តុត ភេទស្រី អាយុ៤៥ឆ្នាំអ្នកបើកម៉ូតូត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំភ្លាមៗ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ សែន ញ៉ ភេទប្រុស អាយុ២៦ឆ្នាំនៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។អ្នកស្លាប់ទី២-ឈ្មោះ ឡាំ លម ភេទប្រុស អាយុ២៥ឆ្នាំនៅភូមិចារពៅ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ចំណែកតៃកុងរថយន្តបង្កបន្ទាប់ពីកើតហេតុបានបើកទ្វារចុះរត់គេចខ្លួនបាត់។សមត្ថកិច្ច កំពុងតែស្រាវជ្រាវដើម្បីចាប់យកមកចាត់ការតាមច្បាប់៕