ភ្នំពេញ៖បុរសជាសន្តិសុខម្នាក់កំពុងជិះម៉ូតូត្រូវក្រុមចោរ៤នាក់បានហៅឱ្យខ្លួនឈប់ម៉ូតូរួចដកកាំបិតភ្ជង់កនិងវាយជាច្រើនដៃរួចយកលុយ២ម៉ឺនរៀលនិងទូរសព្ទ១គ្រឿងហើយនាំគ្នារត់គេចខ្លួនបាត់អស់។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវបេតុងម្តុំផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៦ ខែមករា។ មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះងុយ ចំរើន អាយុជាង២០ឆ្នាំជាសន្តិសុខ កន្លែងកំណើតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ដំបូងខ្លួនបានជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ 1JV-6756 ចេញពីធ្វើការនៅបុរីមួយកន្លែងម្តុំចម្ការដូង ក្នុងខណ្ឌដង្កោរួចក៏ឆ្លៀតជិះម៉ូតូ ទៅផ្លូវវ៉េងស្រេង។
ពេលជិះមកដល់ជិតផ្សារដីថ្មីស្រាប់តែមានក្រុមចោរចំនួន៤នាក់បានហៅឱ្យខ្លួនឈប់ហើយក៏បានយកកាំបិតភ្ជង់កនិងវ៉ៃជាច្រើនដៃលើខ្លួនរួចយកលុយ២ម៉ឺនរៀលនិងទូរសព្ទមួយគ្រឿងរួចនាំគ្នារត់គេចខ្លួនបាត់អស់។តែពេលនោះក្រុមជនសង្ស័យមិនបានយកម៉ូតូទេ។
ក្រោយមកកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ចុះមកដល់រួចនាំជនរងគ្រោះ យកទៅប៉ុស្តិ៍ដើម្បីសាកសួរនិងស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះយកមកចាត់ការតាមនីតិវិធី៕