ព័ត៌មានជាតិ

មូលដ្ឋានក្រុងកំពង់ចាម បញ្ចូលសមាជិកគណបក្សថ្មីជិត១.៥០០ នាក់

កំពង់ចាម៖ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ចាម បានបញ្ចូលសមាជិកគណបក្សថ្មីជិត១.៥០០នាក់ក្នុងក្រុងកំពង់ចាម និងអតីតសកម្មជនមកពីគណបក្សនយោបាយនានា។

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម កាលពីថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៣ បានប្រកាសបញ្ចូលសមាជិកគណបក្សថ្មី ក្នុងក្រុងកំពង់ចាម និងអតីតសកម្មជនមកពីគណបក្សនយោបាយនានាចំនួន១.៤០៩នាក់។

ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដាបានថ្លែងថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារដ៏សំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើអំពើល្អដល់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន។ ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ។ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ដូចគ្នា ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
ជាមួយគ្នានោះ តំណាងសមាជិកថ្មី បានឡើងធ្វើសច្ចាប្រណិធាន ប្តេជ្ញាស្មោះត្រង់ ជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់មួយជីវិត និងគោរព អនុវត្តតាមគោលការណ៍ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជារៀងរហូតដោយឥតងាករេ។ព្រមទាំងប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេល អនាគត ។
គួរបញ្ជាក់ថា ពិធីបញ្ចូលសមាជិកថ្មីនេះ គឺមានយុវជនគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងក្រុងកំពង់ចាមចំនួន១.៣០៣នាក់ និងអតីតសកម្មជនមកពីគណបក្សនយោបាយនានា ក្នុងខេត្តកំពង់ចាមចំនួន១០៦នាក់ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *