ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ដកហូរថ្នាំញៀននៅ៣គោលដៅ សរុបជាង៦គីឡូក្រាម

(ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ចំនួន៤នាក់ រឹបអូសថ្នាំញៀនសរុបជាង៦គីឡូក្រាម នៅគោលដៅ៣ផ្សេងគ្នា ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុងនោះ ជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួននៅរង្វង់មូលគល់ស្ពានអ្នកលឿង ត្រើយខាងលិច ស្រុកលើកដែក ខេត្តកណ្ដាល និងពីរនាក់ទៀតចាប់ខ្លួននៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានចាប់ខ្លួននោះរួមមាន៖

*ទី១៖ ឈ្មោះ ហ្វាម វ៉ាងយុង
*ទី២៖ ឈ្មោះ ង្វៀង វ៉ាន់ហ៉ីវ
*ទី៣៖ ឈ្មោះ ង្វៀន ថាញ់
*ទី៤៖ ឈ្មោះ វ៉ូ ញិនហ៉ីវ។

ដោយឡែក សម្រាប់វត្ថុតាងដែលដកហូតបាននៅទីតាំង៣ផ្សេងគ្នា នោះរួមមាន៖ MDMA ទម្ងន់៥.៣៩៩គីឡូក្រាម, មេតំហ្វេតាមីន ទម្ងន់១.៦៧គីឡូក្រាម, កេតាមីន ទម្ងន់១៩២.៦៦ក្រាម, សារធាតុមិនច្បាសទម្ងន់២៤០ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ៦.៦៥៩គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំបទល្មើសគ្រឿងញៀន កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបថា ការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានធ្វើឡើងដូចភ្លៀងរលឹមនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃ។ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រឹងប្រែងយ៉ាងសកម្ម ក្នុងការចុះបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ពិសេសបទល្មើសជួញដូរគ្រឿងញៀនធំៗ។

បើតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងបទល្មើសគ្រឿងញៀន រយៈពេល៤ខែឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ២៣៤៥ករណី ឃាត់ខ្លួនមនុស្ស ៥៥៧២នាក់ រឹបអូសថ្នាំញៀនបានជាង៣៦១គីឡូក្រាម៕

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *