Uncategorized

បញ្ជូនថៅកែហាងនំប៉ាវម្នាក់ទៅតុលាការករណីវាយកម្មករឲ្យរងរបួសធ្ងន់

​ភ្នំពេញៈ​ថៅកែ​ហាង​នំ​ប៉ាវ​ម្នាក់ ដែល​យក​កាំបិតប៉័ងតោ​ទះ​ក្បាល​កម្មករ​របស់ខ្លួន បណ្តាល​រងរបួស​ធ្ងន់ និង​ចាក់សោរ​បង្ខាំង​ក្នុង​បន្ទប់​ថែមទៀត​នោះ​ត្រូវ​នគរបាល​ខណ្ឌដង្កោ​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ការ​បញ្ជូនមក​តុលាការ​នេះ​គឹ​កើតឡើង​បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ខណ្ឌដង្កោ​បាន​ឃាត់ខ្លួន​ថៅកែ​ហាង​រូបនេះ​រួច​បាន​ដោះលែង​ឱ្យមាន​សេរីភាព វិញ ក្រោម​ហេតុផល​សម្របសម្រួល​គ្នា​បញ្ចប់រឿង​។​
​ថៅកែ​ហាង​នំ​ប៉ាវ​រូបនេះ ឈ្មោះ សៀវ ទី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ​ផ្ទះ​លេខ​២៤០+២៤២ ផ្លូវ​លេខ​១១ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ លី សុខ​ខេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​ផ្លូវ​បេតុង ក្រុម ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​ដឹក​នំ​ប៉ាវ ។

​គួររំលឹកថា​អំពើហិង្សា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០២០​នៅក្នុង​ភូមិ​សំបួរ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​បានបញ្ជាក់​ថាៈ​នៅ​មុនពេល​កើតហេតុ​កាលពី​ទៀបភ្លឺ​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០២០​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ចេញពី​ផ្ទះជួល​របស់ខ្លួន ទៅធ្វើ​ការ​ជា​កម្មករ​ដឹក​នំ​ប៉ាវ​នៅផ្ទះ​ថៅកែ​ឈ្មោះ​សៀវ​ទី​ដូច​សព្វ​ដងដោយ​ថៅកែ​បាន​ប្រើ​អោយ​ជនរងគ្រោះ យកនំ​ប៉ាវ​ចំនួន​២៦​កេស​ដាក់​លើ​រ៉ឺម៉ក ដើម្បី​ដឹក​ឱ្យ​ភ្ញៀវ​នៅ​ផ្លូវជាតិ​លេខ​៣ ផ្លូវ​លេខ​៤១ និង ផ្លូវជាតិ​លេខ​៤ ជាមួយ​គាត់ ។
​លុះ​ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ នៅវេលា​ម៉ោង​៣៖២០​នាទី​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល ថៅកែ បាន​ហៅ​ជនរងគ្រោះ​ចូលក្នុង​ផ្ទះ​កន្លែង​តុ​គិតលុយ​រួច​ថៅកែ​បាន​យក​បញ្ជី​ដែល​ភ្ញៀវ​ជំពាក់​មក​សួរ​ជនរងគ្រោះ ហើយ​ថៅកែ​បាន​និយាយថា ភ្ញៀវ​នៅ​ថ្នល់ទទឹង​ជំពាក់​៤​កេស តែ​ជនរងគ្រោះ​និយាយថា ភ្ញៀវ​នៅ​ថ្នល់ទទឹង​ជំពាក់​តែ​៣​កេស​ទេ ។​

​គ្រាន់តែ​សម្តី​បែបនេះ​សោះ​ស្រាប់តែ​ថៅកែ​និយាយថា​«​ជនរងគ្រោះ​និយាយ​ឈ្លើយ​បង្ក​ជា​ទំនាស់​ពាក្យសម្តី​ទើប​ថៅកែ​ដើរ​ទៅយក​សោរ​ចាក់​ទ្វារផ្ទះ​រួច​ក៏​ដើរទៅ​ផ្ទះបាយ​យក​កាំបិតប៉័ងតោ​កាន់​នៅ​នឹង​ដៃ​ខាងស្តាំ​ដើរ​សំដៅ​មក​ជនរងគ្រោះ​រួច​ធាក់​ផង​ច្រចា​ច់ក​ផង​និង​យក​កាំបិតប៉័ងតោ​មក​ទះ​មុខ​របស់​ជនរងគ្រោះ​៤​ទៅ​៥​កាំបិត ទៀតផង ។ ប៉ុន្តែ​ជនរងគ្រោះ​យកដៃ​រង ហើយ​ថៅកែ​ក៏​ដើរទៅ​អង្គុយ នៅ​តុ​វិញ រួច​គាត់​ក៏បាន​ស្រែក​សម្លុត​អោយ​ជនរងគ្រោះ ទៅ​អង្គុយ​លើ​គ្រែ ។
​ពេលនោះ​ថៅកែ​បាន​យក​ឧបករណ៍​ផ្តាច់​បារី​គប់​មកលើ​កម្មក​រ​ចំ​ដៃ​ខាងឆ្វេង​ហើយ​គាត់​ក៏​ងើប​ឡើងកាន់​កាំបិតប៉័ងតោ មក​ទះ និង​កាប់​ក្បាល​ជនរងគ្រោះ បណ្តាល​បែកក្បាល​ផ្នែក​ខាងមុខ ប៉ោង​ក្បាល ផ្នែក​ខាងក្រោយ​និង​ហើម​លើ​ខ្នងដៃ​ខាងស្តាំ​និង​ប្រអប់ដៃ​ទាំងសងខាង​ថែមទាំង​ឃុំ​ជនរងគ្រោះ​នៅក្នុង​ផ្ទះ ទៀតផង ។​
​លុះដល់​វេលា​ម៉ោង​៤៖១០​នាទី​រសៀល​ទើប​ថៅកែ​ហាង​នំ​ប៉ាវ​បាន​ចាក់សោរ​អោយ​ជនរងគ្រោះ​ចេញពីផ្ទះ​ហើយ​ជនរងគ្រោះ​ក៏​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ​តែម្តង​។​បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​វរសេនីយ៍ឯក​ជឹម​ស៊ីថា​អធិការនគរបាល​ខណ្ឌ​ដង្កោ​ធ្លាប់បាន​បញ្ជាក់ប្រាប់​អ្នក​សារ​ព៍ត​មាននៅ​ព្រលប់​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០២០​ថា​«​រឿងនេះ​ខាង​ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​»៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *