ក្រចេះ៖គ្រោះថ្នាក់ចរាចរណ៍មួយគួរឱ្យរន្ធត់រវាងរថយន្តបុកជាមួយម៉ូតូពេលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្ដាលឱ្យខាងម៉ូតូស្លាប់ចំនួន៣នាក់ឪពុកម្ដាយនិងកូនតូច។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិ៧ក្រចេះ/ស្ទឹងត្រែងត្រង់ស្ពានតាកុតនៅភូមិ សង្គម ឃុំសណ្ដាន់ ស្រុក សំបូរ ខេត្តក្រចេះកាលពីយប់ថ្ងៃទី៧ខែតុលាឆ្នាំ២០២០។
សាក្សីបានឱ្យដឹងថាៈរថយន្តម៉ាកកាមរីស្វិតពណ៌ខៀវបើកមកពីជើងទៅត្បូងបើកបរក្នុងល្បឿនលឿន។មកដល់ចំណុចកើតហេតុរថយន្តក៏វ៉ារថយន្តធំមួយគ្រឿងវ៉ាឆេ្វងដៃ។រីឯម៉ូតូបើកពីត្បូងទៅជើងក៏វ៉ារ៉ឺម៉កវ៉ាស្ដាំដៃ ក៏បណ្ដាលឱ្យបុកគ្នាពេញទំហឹងតែម្ដង។
មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថាៈអ្នកបើកបររថយន្ដបង្កឈ្មោះផលដែនភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិដីសម្បទានកាកុដឃុំសំបុកស្រុកចិត្របុរីខេត្តក្រចេះបានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ។
ចំណែកជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះសំរឿនផល្លាភេទប្រុសអាយុ២៦ឆ្នាំនិងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះចាន់ឌឿនអាយុ១៩ឆ្នាំនិងកូនប្រុសអាយុ១ឆ្នាំបានស្លាប់ទាំងបីនាក់។អ្នកទាំង៣មានទីលំនៅ ភូមិដារ ឃុំដា ស្រុកចិត្តបុរី ខេត្តក្រចេះ ។
បច្ចុប្បន្នសាកសពទាំងបីនាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមព្រពៃណី។ ចំណែកវត្ថុតាង រថយន្ដ និងម៉ូតូ ត្រូវនគរបាលជំនាញ យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកសំបូរ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕សហការី