ភ្នំពេញ៖-មាន់-ទា-ត្រី-គ្រឿងក្នុងជ្រូក-គ្រឿងក្នុងគោនិងអាហារខូចគុណភាពជាច្រើនមុខទៀត ចំនួនជាង៨តោនត្រូវសមត្ថកិច្ចជំនាញ យកដុតកម្ទេចចោលនៅទីលានចាក់សំរាម។
មន្ត្រីចុះអនុវត្តបានឱ្យដឹងថា ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ជំនាញនិងកម្លាំងអាជ្ញាធរបានសហការដុតកម្ទេចចោលម្ហូបអាហារខូចគុណភាពមានដូចជា សាច់ជ្រូក-សាច់ត្រី-ជើងមាន់-គ្រឿងក្នុងជ្រូក-គ្រឿងក្នុងគោ-និងអាហារខូចគុណភាពជាច្រើនមុខទៀតទម្ងន់ជាង៨តោន។
ពិធីនេះត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប និងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សាខា ក.ប.ប រាជធានីភ្នំពេញរួមគ្នាដុតកម្ទេចចោល។
ម្ហូបអាហារខូចគុណភាពដែលយកមកដុតកម្ទេចចោលពេលនេះ សមត្ថកិច្ចចាប់ពីឈ្មួញខិលខូចបានយកមកបន្លំដាក់លក់ក្នុងទីផ្សារ ខ្លះមានសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការទុកដាក់មិនបានត្រឹមត្រូវតាមបច្ចេកទេស និងហួសកាលបរិច្ឆេទជាដើម៕