ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះរថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីចំនួន២គ្រឿងបណ្តាលឱ្យខួចខាតអស់ទាំងស្រុងត្រូវបានក្រុមពន្លត់អគ្គិភ័យចុះបាញ់ទឹកមិនឱ្យភ្លើងរាលដាលដល់អ្នកជិតខាងឡើយ។
គ្រោះអគ្គិភ័យនោះបានកើតឡើងនៅកន្លែងទុករថយន្តក្រុមហ៊ុនស៊ិនទ្រី ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១១ ខែមករា។ កម្មករបម្រើការងារបានប្រាប់សមត្ថកិច្ចថា ម្ចាស់ទីតាំងឈ្មោះសេង សាវី អាយុ៦៥ឆ្នាំជាប្រធានក្រុមហ៊ុនស៊ិនទ្រី។
មុនកើតហេតុរថយន្តបានចតទុកដូចសព្វមួយដងស្រាប់តែមានភ្លើងឆេះបន្តិចម្ដងៗផ្នែកខាងមុខរហូតឆេះមានផ្សែងហុយខ្លាំងៗទើបមានការភ្ញាក់ផ្អើលកម្មករកម្មការិនីនិងប្រជាពលរដ្ឋនៅក្បែរនោះជួយរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានសុំអន្តរាគមន៍។
បន្ទាប់មកក្រុមជំនាញបង្ការសង្គ្រោះពន្លត់អគ្គិភ័យបានចេញរថយន្តជាច្រើនគ្រឿងមកបាញ់ទឹកពន្លត់អស់៣រថយន្តក៏រលត់ទៅវិញនៅយប់ថ្ងៃដដែល។មន្ត្រីអាជ្ញាធរបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះបណ្ដាលមកពីឆ្លងចរន្តភ្លើងអាគុយរថយន្តដោយមិនឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងនិងមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕