កណ្តាល៖កម្លាំងនគរបាលស្រុកស្អាងចាប់ជនសង្ស័យម្នាក់ពេលស្រវឹងខឹងប្រពន្ធបានដុតផ្ទះខ្លួនឯងបណ្តាលឱ្យឆេះខ្ទេចនិងសម្ភារប្រើប្រាស់អស់គ្មានសល់។
សមត្ថកិច្ចបានឱ្យដឹងថា បុរសបង្កឱ្យឆេះផ្ទះត្រូវចាប់ខ្លួននៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២១ខែវិច្ឆិកា។ជនសង្ស័យឈ្មោះ ឡុង ពិសិដ្ឋ អាយុ៤១ឆ្នាំនៅភូមិ ឃុំខាងលើ។ប្រពន្ធឈ្មោះ កន ម៉ុល អាយុ៣៨ឆ្នាំជាកម្មការិនីរោងចក្រ។
កន្លងមកជនសង្ស័យត្រូវបាននគរបាលធ្លាប់អប់និងធ្វើកិច្ចសន្យា២លើករួចមកហើយ។តែនៅថ្ងៃកើតហេតុបុរសរូបនោះបានផឹកស្រាស្រវឹងហើយជេរប្រពន្ធនិងរករឿងវ៉ៃអ្នកជិតខាង។ពេលនោះជនប្រម៉ឹកបានយកដែកកេះដុតខោអាវបណ្ដាលឱ្យឆេះផ្ទះទាំងមូលនិងសម្ភារប្រើប្រាស់អស់គ្មានសល់ត្រូវពលរដ្ឋជួយពន្លត់ភ្លើងមិនឱ្យភ្លើងឆេះរាលដល់ផ្ទះក្បែរៗនោះ។បន្ទាប់មកសមត្ថកិច្ចបានឃាត់ជនសង្ស័យយកទៅប៉ុស្តិ៍ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្ត៕