(សៀមរាប)ថ្មីៗនេះបន្ទាប់ពីមានការស្រាវជ្រាវល្អិតល្អន់គេបានរកឃើញឯកសារខុសប្រក្រតីជាច្រើន ដែល លោក ជំទាវ លី អ៊ុំអេង កំពុងប្រមូលមនុស្សមកធ្វើជាខែល ក្នុងការបំភាន់រំលោភយកដីគេ។
ក្នុងនោះដែរ លោក ជំទាវ លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះវិហារ.ឧត្តរមានជ័យ ដែលអ្នកផងស្គាល់ថាឈ្មួញដ៏ល្បី លើវិស័យជម្លោះរឿងដីធ្លី បានកំពុងនាំយកមនុស្សចំនួន២នាក់ មកឈរធ្វើជាម្ចាស់ដីដើមនៅភូមិវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ដែលបានលក់ដីទាំងនោះមកឲ្យខ្លួន។
បុគ្គលទាំង២នាក់នោះ ម្នាក់ឈ្មោះ លីន ជក់ និងម្នាក់ឈ្មោះ ញ៉ាវ ណុល ។
យោងឯកសារ អ្នកសារព័ត៌មានទទួលបាន បង្ហាញថា តាមពាក្យស្នើសុំពាក្យកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី ១៤ ខែឧសភាឆ្នាំ 2ឮ១៩៩៨ របស់ឈ្មោះ លីន ជក់ គេបានរកឃើញនូវភាពមិនប្រក្រតីមួយចំនួនដូចជា÷
កាលពីឆ្នាំ ១៩៩៨ ឈ្មោះ លីម ជក់ មានអាយុត្រឹមខ្សែតែ ៣០ ឆ្នាំ ក្នុងពាក្យសុំនោះដែរ ឈ្មោះ លីម ជក់ បញ្ជាក់ថា ខ្លួនបានកាន់កាប់ដីទំហំ 260 គុណនឹង 250 (មានស្នាមកោះលុង) ចាប់ពីឆ្នាំ 1979 មកដល់បច្ចុប្បន្ន។
បើពិនិត្យ លើពាក្យសុំនេះ នៅឆ្នាំ ១៩៧៩ ឈ្មោះ លីម ជក់ ទើបតែមានអាយុ ១១ឆ្នាំប៉ុណ្ណោះ។
កាលពីថ្ងៃ ១៤ កុម្ភៈឆ្នាំ ២០២២ ជាថ្ងៃដែល ជំទាវ លីម អ៊ុំអេង ដាក់ពាក្យប្ដឹង អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ទៅតុលាការ ជំទាវ លី អ៊ុំអេង បានដាក់អាយុ ឈ្មោះ លីម ជក់ ៦០ ឆ្នាំ។
ចំណែក ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីទំហំ ១៥០ គុណនឹង ៣៥០ ចុះថ្ងៃទី ១០ ខែ៤ ឆ្នាំ ១៩៩៧ របស់ឈ្មោះ ញ៉ាវ ណុលដែលលោកជំទាវ លី អ៊ុំអេង អះអាងថាជាម្ចាស់ដីដើមដែនោះ គឺមានលក្ខណៈពីសរទៅខ្មៅ ។ កាលពីឆ្នាំ ១៩៩៧ ឈ្មោះ ញ៉ាវ ណុល មានអាយុ ២០ ឆ្នាំ ដូច្នេះ នៅឆ្នាំ ១៩៧៩ ឈ្មោះ ញ៉ាវ ណុលមានអាយុត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។ តែ នៅក្នុងពាក្យបណ្ដឹងរបស់លោកជំទាវ ប្ដឹងអភិបាលស្រុកបន្ទាយស្រី លោក ឃីម ហ្វីណង់ ដដែល ស្រាប់តែលោក ជំទាវ លី អ៊ុំអេង ដាក់អាយុ ញ៉ាវ ណុល ដល់ទៅ ៧០ ឆ្នាំ ។ បើគិតអាយុ ញ៉ាវ ណុល តាម ឯកសារ ត្រឹមតែឆ្នាំ ២០២២ នេះ គាត់មានអាយុប្រមាណជាង ៤០ ឆ្នាំប៉ុណ្ណោះ។
ដោយដោយយោងតាមឯកសារ បានបង្ហាញទៀតថា ក្រោយពេលបូក.ដក.ជាក់លាក់ ម្នាក់ជាទារកទើបអាយុ ២ ឆ្នាំឯម្នាក់ទៀតជាកុមារអាយុ ១១ឆ្នាំ តែអាចចូលទៅកាន់កាប់ដីទំហំច្រើនហិចតាទុកលក់ឱ្យជំទាវបណ្ឌិត លីម អ៊ុំអេងបាន។ បើនិយាយឲ្យងាយស្ដាប់បន្តិចទៀត ពួកគេម្នាក់មិន ទាន់បាត់ធំក្លិនទឹកដោះផង ឯម្នាក់ទៀតក៏មិនទាន់ដឹងខ្យល់អីស្រួលបួលផងដែរ។
ពាក់ព័ន្ធការប្រើប្រាស់ឯកសារមិនប្រក្រតី នៅក្នុងចំណុច ឆ្នាំនៃការដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លី របស់បុគ្គលទាំង២ខាងលើ គេសង្ស័យថា បានប្រើឯកសារក្លែងបន្លំ ដោយឯកសារទាំងនោះត្រូវបានគេប្រើនៅក្នុងទសវត្សឆ្នាំ២០០០ ដោយកែបន្លំដាក់ឆ្នាំ ១៩៩៧ និងឆ្នាំ១៩៩៨ ទៅវិញ។
ទាំងនេះហើយដែលគេហៅថា ប្រមូលមនុស្សមកធ្វើជាខែល ឆា សម្រាប់បាំងបំភ័ន្តភ្នែក ទៅរំលោភយកដីគេរបស់ ជំទាវបណ្ឌិត ឧកញ៉ា លី អ៊ុំអេង។
ទោះជាបែបនេះក្ដី ម្ចាស់ដីកំពុងកាន់កាប់ រួមទាំងម្ចាស់ដើម បានទាមទារអោយឈ្មោះ លី អ៊ុំអេង នាំយកអ្នកទាំង២ខាងលើ ដែលអះអាងថា ជាម្ចាស់ដើម ទៅតតាំងគ្នាអោយដឹងស.ខ្មៅ នៅសាលាស្រុកបន្ទាយស្រី តែបើមិនហ៊ាន សុំអោយដកខ្លួនចេញជាបន្ទាន់។
ជុំវិញការចុះផ្សាយព័ត៌មានខាងលើ បើសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា ព័ត៌មានមួយនេះមិនមានភាព សុក្រឹត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំ រង់ចាំធ្វើការផ្សាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ៕