ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៦នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

ព្រះវិហារ៖កម្លាំងអាវុធហត្ថខេត្តព្រះវិហារជាមួយ អាវុធហត្ថស្រុកជាំក្សាន្តបានចាប់ជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធគ្រឿងញៀន។ក្នុងនោះដកហូតគ្រឿងញៀនជាច្រើនកញ្ចប់ និងរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ករណីបង្ក្រាបជនសង្ស័យទាំង ៦នាក់នោះ បានធ្វើឡើងក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២២ ស្ថិតនៅភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹង នៅរសៀលថ្ងៃ១៤មិថុនានេះថា ជនសង្ស័យ ៦នាក់ ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នា។ក្នុងពេលកំពុងឃាត់ខ្លួនជនសង្ស័យផ្នែកជំនាញបានឆែកឆេររកឃើញ វត្ថុតាងគ្រឿងញៀន ប្រភេទម៉ាទឹកកក ៣កញ្ចប់ ,ទូរសព្ទ៦គ្រឿង ,ប្រាក់រៀល២២ម៉ឺនរៀល ,ប្រាក់ដុល្លារ ៥០ដុល្លារ ,ម៉ូតូ ១គ្រឿង ,ចិញ្ជៀនស្ពាន់ ១វង្ស, ចិញ្ជៀនប្រាក់ ១វង្ស ,នាឡិការដៃ ១គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បុរសទាំង ៦នាក់នោះឈ្មោះ ប្រាក់ ភារិទ្ធ អាយុ ៣៧ឆ្នាំ-ឈ្មោះសុង ឆុង អាយុ ៣៤ឆ្នាំ-ឈ្មោះជា វណ្ណឌី អាយុ ៥២ឆ្នាំ-ឈ្មោះ អ៊ុយ រ៉ាគោ អាយុ ២៩ឆ្នាំ-ឈ្មោះព្រហ្ម សោភណ្ឌ័ អាយុ ៣៨ឆ្នាំ-ឈ្មោះ អូន សុខសាន្ត អាយុ ៣២ ឆ្នាំ។ជនសង្ស័យទាំង ៦នាក់ មុខរបរពុំពិតប្រាកដ រស់នៅភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។នៅខណៈនេះ ជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាងថ្នាំញៀន កំពុងស្ថិតក្រោមការសាកសួរ និងការរក្សាទុក ពីកម្លាំងជំនាញអាវុធហត្ថខេត្ត ដើម្បីចងក្រងសំណុំរឿងត្រៀម បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *