ព័ត៌មានជាតិ

ប្រគល់ទទួលសំណង់អនាម័យទឹកស្អាត នៃកាកបាទក្រហមកម្ពុជាឧ បត្ថម្ភថវិកាដោយកាកបាទក្រហមសិង្ហបុរី

 

កំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរមន្ត្រីក្រោមឱវាទ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលសំណង់អនាម័យទឹកស្អាត របស់កាកបាទក្រហមកម្ពុជា ដែលឧបត្ថម្ភថវិកាដោយកបាទក្រហមសិង្ហបុរី ផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ចាម។

ក្នុងនោះ រួមមាន អណ្ដូងទឹក ស្នប់បំពាក់ម៉ូទ័រ ស្ថានីយលាងដៃ, ស៊ីទែនទឹកមានជើងទម្រ, កសាងបង្គន់អនាម័យថ្មី និងជួសជុលបង្គន់អនាម័យដល់សាលាគោលដៅសរុប ចំនួន២២។ពិធីនេះធ្វើឡើងនៅសាលាបឋមសិក្សាអណ្ដូងតាអុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

លោក អ៊ុនចាន់ដា ប្រធានគណៈកម្មការសាខា បានបញ្ជាក់ថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមចំណែកក្នុងការត្រៀមបង្ការ និងឆ្លើយតបចំពោះទឹកជំនន់កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កាកបាទក្រហមសិង្ហបុរីបានបដិភាគថវិកាសរុបចំនួន ៧៥.០០០ដុល្លារសម្រាប់ការសាងសង់ និងស្ដារអណ្ដូងទឹក ស្ថានីយលាងដៃ និងបង្គន់អនាម័យនៅតាមសាលារៀនគោលដៅដែលរងគ្រោះដោយទឹកជំនន់ ចំនួន ២២ កន្លែង ដែលមានអ្នកទទួលផលផ្ទាល់ចំនួន១២.២៨៤ នាក់ ស្រី ៦.២០០នាក់។
ក្នុងឱកាសនោះកាកបាទក្រហមកម្ពុជា បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍របស់ស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ជូនអ្នកចូលរួមម្នាក់ៗ រួមមាន-សិស្សានុសិស្ស ១០០នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម សាប៊ូ ១ដុំថវិកា ៥ពាន់រៀល។យុវជនកាកបាទក្រហម២១ នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម សាប៊ូ ១ដុំ និងថវិកា ១ម៉ឺនរៀល។

សាលាគោលដៅចំនួន ៧សាលា ដោយសាលានីមួយៗទទួលបាន សៀវភៅ២០ក្បាល ជែល ១កេស សាប៊ូ ២កេស ព្រមទាំងថវិកា ៥ម៉ឺនរៀល សម្រាប់លោកនាយកសាលាដែលអញ្ជើញមកចូលរួម សរុប ៨នាក់។លោកគ្រូ អ្នកគ្រូ ២៥នាក់ ម្នាក់ៗទទួលបានសៀវភៅ២ ក្បាល ប៊ិច ១ដើមសាប៊ូ ១ដុំ និងថវិកា ៥ម៉ឺនរៀល។

ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ១០០នាក់ ម្នាក់ជួបបានថវិកា ១ម៉ឺនរៀល។ ដោយឡែក សាខាកាកបាទក្រហមខេត្តកំពង់ចាម ក៏បានរៀបចំវត្ថុអនុស្សាវរីយ៍ ជូនអ្នកចូលរួម ម្នាក់ៗ រួមមាន-ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្ត ១០០នាក់ ម្នាក់ៗទទួលបានសារុង១ -និងយុវជនកាកបាទក្រហម ២១នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ១ម៉ឺនរៀលផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *