ព្រះវិហារ៖មេបញ្ជាកាកងរាជអាវុធហត្ថខេត្តបានផ្តល់អំណោយដល់ស្រ្តីមានកូនភ្លោះ៣នាក់នៅ ភូមិស្អាង ឃុំស្អាងស្រុកជ័យសែន ខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជ័យសែនបានថ្លែងថា កូនភ្លោះទាំង៣ បានចាប់កំណើត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ នៅមណ្ឌលសុខភាពឃុំស្អាង ស្រុកជ័យសែន។ម្តាយជាស្រ្តីមេផ្ទះ ឪពុកជាទាហ៊ានប្រចាំការនៅអូរអាល័យ ជាប់ព្រំដែនឡាវ ដែលមានជីវភាពខ្វះខាត ។
បន្ទាប់ពីកើតភ្លាមៗ ដោយសារតែម្តាយកូនភ្លោះទាំង៣រូបនេះ មានសុខភាពមិនសូវល្អ ដូច្នេះហើយត្រូវបានក្រុមគ្រូពេទ្យឲ្យគាត់សម្រាកព្យាបាលបន្តរនៅមណ្ឌលសុខភាពខាងលើ រហូតដល់មានសុខភាពល្អឡើងវិញ ទើបអនុញ្ញាតឲ្យរូបគាត់ត្រឡប់ ទៅផ្ទះវិញ ។
សូមបញ្ជាក់ថា បន្ទាប់ពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ បានចុះសាកសួរសុខទុក្ខ លោកក៏បាននាំយកអំណោយបន្តិចបន្តួច ព្រមទាំងថវិកាផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនស្រ្តីជាម្តាយកូនភ្លោះទាំង៣រូប។ ក្នុងនោះមាន៖ ថវិកាចំនួន៣០ម៉ឺនរៀល មីចំនួន១កេសទឹកផ្លែឈើចំនួន១កេស ទឹកសុទ្ធ១កេស ម្សៅទឹកដោះគោ៣កំប៉ុង ទឹកសុទ្ធលីយ៉ុងដបធំ១កេស ផ្លែក្រូច២គីឡូក្រាម៕