ព័ត៌មានជាតិ

ដាក់ឲ្យប្រើប្រាស់អាគារពេទ្យតម្លៃជាង៣ពាន់ លានរៀលនៅស្រុកជាំសាន្ត

 

ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២២រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្តេចតេជោ ហ៊ុន សែន បានសម្ពោធដាក់ឱ្យប្រើប្រាស់អគារពេទ្យ១ខ្នងមានតម្លៃសរុបចំនួន៣.៤៤៨.៨៩១.០០០រៀល។អគារពេទ្យនេះស្ថិត ក្នុងបរិវេណមន្ទីរពេទ្យបង្អែកជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីនេះមានការចូលរួមលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើន។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ដោយក្តីមោទនភាពក្រៃលែង ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្បើយ ។បើប្រៀបធៀបជាមួយប្រទេសជិតខាង យើងមានការធូរស្រាយច្រើន។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំពាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន ដូសជំរុញ ពិសេសកុមារចាប់ពីអាយុ៣ឆ្នាំ។

លោក រដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តល់អនុសាសន៍គន្លឹះមួយចំនួន សូមមន្ត្រីសុខាភិបាលទាំងអស់ ខិតខំបន្តថែមទៀតធ្វើយ៉ាងណាផ្តល់សេវាសុខភាពប្រកបដោយសមធម៍ ប្រសិទ្ធភាព គុណភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ។អាជ្ញាធរមូលដ្ឋានបន្តគាំទ្រសហការឱ្យបានជិតស្និត ធានារការប្រើប្រាស់អាគារសម្រាប់ព្យាបាលថ្មីនេះ ជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត រយៈពេលយូរងង្វែង។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងឱ្យដឹងថា អគារព្យាបាលថ្មី១ខ្នងនៅក្នុងមន្ទីរពេទ្យបង្អែកជាំក្សាន្តនេះ មានទំហំ៣៧,៦ម៉ែត្រគុណ១៨ម៉ែត្រកម្ពស់២ជាន់ មាន១៧បន្ទប់ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២០ និងបានរួចរាល់ជាស្ថាពរនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដោយចំណាយថវិកាសាងសង់និងបំពាក់សម្ភារ សរុបចំនួន ៣.៤៤៨.៨៩១.០០០រៀល៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *