ព័ត៌មានជាតិ

ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយទូតជប៉ុន រៀបចំពិភាក្សាតុកមូលស្ដីពី ទំនាក់ទំនងកម្ពុជាជប៉ុន

(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយមានកិច្ចសហការជាមួយស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន»។

កិច្ចពិភាក្សាតុមូលនេះបានធ្វើឡើងនៅសណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON Riverside Hotel ) ស្ថិតនៅមាត់ទន្លេ កែងស្ពានព្រះមុនីវង្ស មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កិច្ចពិភាក្សាតុមូលនេះ ធ្វើឡើងស្របពេលដែលកម្ពុជា-ជប៉ុន បានប្រារព្ធខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នេះ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែមទៀត អំពីតួនាទីរបស់ប្រទេសជប៉ុន សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ដោយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ។

ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានេះ ដោយផ្តើមពីការធ្វើបទបង្ហាញអំពីគោលនយោបាយ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា។

កិច្ចពិភាក្សានេះ គឺជាឱកាសដែលអ្នកសារព័ត៌មានអាចលើកជាសំណួរពាក់ពន្ធ័នឹងទំនាក់ទំនង កម្ពុជា-ជប៉ុន ទាក់ទងនឹងជំនួយ ឬក៏សំណួរផ្សេងៗទៀតសម្រាប់យកទៅផ្សព្វផ្សាយជាព័ត៌មាន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *