Uncategorized

សមត្ថកិច្ចតាមចាប់បានមកវិញខណៈរថយន្តទំនើបបើកបុកម៉ូតូរួចបើករត់

 

សៀមរាប​: រថយន្ត​ទំនើបមួយគ្រឿង​បាន​បើក​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ជិះ​ឌុប​គ្នា​២​នាក់​បណ្ដាលឱ្យ​របួសធ្ងន់​ហើយ​បើក​រត់គេចខ្លួន​ត្រូវ​សមត្ថកិច្ច​តាម​ចាប់បាន​មកវិញ​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ពោធិ៍​សិរី​ឃុំ​កំពង់ក្តី​ស្រុក​ជីក្រែង​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​។​

សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង​បាន​ឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ផលិត​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​សៀមរាប​១Y-៧១១៨ ពណ៌​ខ្មៅ ជិះ​ឌុប​គ្នា​២​នាក់ ។នៅពេល​ជនរងគ្រោះ​ឆ្លងផ្លូវ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​LEXUS.LS4.60L​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០១:២-៨៥៥៤ ប្រភេទ​ទេសចរណ៍ ពណ៌​ខ្មៅ។​រថយន្ត​បាន​បុក​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​បណ្តាលឱ្យ​ជនរងគ្រោះ​ទាំង​២​នាក់​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជីក្រែង​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​បាន​បើក​រត់គេច​ពី​កន្លែងកើតហេតុ ។ប៉ុន្តែ​សមត្ថកិច្ច​តាម​ចាប់បាន​នៅក្នុង​វត្ត​ខ្នា​ធ្នង់​នៅ​ចំណុច​វាលស្រែ​ខាងលិច​វត្ត ស្ថិតនៅ​ភូមិ​គោក​រមាស ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង​។​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទិ​ត វាសនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​។​
ជនរងគ្រោះ​មានឈ្មោះ ផុន ហេង ភេទ​ស្រី​អាយុ​២៣​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ ចំណែក​ម្នាក់ទៀត​មានឈ្មោះ តឿ ធី ភេទ​ស្រី អាយុ​១៣​ឆ្នាំ​។ អ្នក​ទាំង​២​រស់នៅ​ភូមិ​តា​យ៉ុ​ន ឃុំ​ស្ពាន​ស្ពាន​ត្នោត​ស្រុក​ជីក្រែង​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *