ព្រះវិហារ៖សិស្សពូកែនិទេ្ទសអេ(A)ចំនួន៤រូបក្នុងខេត្តព្រះវិហារទទួលបានម៉ូតូម្នាក់មួយគ្រឿងនិងថវិកាមួយចំនួនដើម្បីជាការលើកទឹកចិត្ត។
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទេ្ទសAចំនួន៤រូប សម័យប្រឡងថ្ងៃទី២៧ ធ្នូ ២០២១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី។
លោកប្រាក់ សុវណ្ណ បានថ្លែងអបអរសាទរ ដល់ក្មួយៗសិស្សានុសិស្ស ដែលជាជ័យលាភីប្រឡងជាប់សញ្ញបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១កន្លងមកនេះ។
តែទោះជាយ៉ាងនេះក្តី កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលនាពេលបច្ចុប្បន្ន កំពុងទទួលរងនូវការរាតត្បាតជាថ្មីម្តងទៀត នៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ដាក់ចេញវិធានការបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជម្រុញ ជូនដល់ប្រជាជនកម្ពុជាគ្រប់ៗរូប ដើម្បីឆ្លងកាត់គ្រាដ៏លំបាកនេះបន្ថែមទៀត។
បញ្ជាក់៖ រង្វាន់ដែលប្រគល់ជូនសិស្សនិទ្ទេស A ចំនួន៤នាក់ ដោយសិស្ស ម្នាក់ៗទទួលបានម៉ូតូ ម៉ាក់ Zoomer មួយគ្រឿង និងថវិកាចំនួន ៨០០.០០០រៀល, លោកនាយកសាលាចំនួន ៣នាក់ និងលោកគ្រូ អ្នកគ្រូ ដែលបង្រៀនសិស្សនិទ្ទេស A ចំនួន ២១នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ២០០.០០០ រៀល។ស្ថិត នៅក្នុងឱកាស នោះ អភិបាល ខេត្ត ក៏បានផ្តល់ថវិកាដល់ មណ្ឌល កុមារកំព្រាខេត្ត ចំនួន ៤.០០០.០០០រៀល៕