ព្រះសីហនុ៖កម្លាំងអាវុធហត្ថខេត្តព្រះសីហនុបានចាប់បុរសលក់ទឹកកកម្នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាមួយវត្ថុតាងជាច្រើនកញ្ចប់ត្រៀមបញ្ជូនទៅតុលាការ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះថា ជនសង័្សយឈ្មោះ តុប វណ្ណារិទ្ឋ ហៅអាទឹកកក អាយុ២៨ឆ្នាំ នៅក្រុងព្រះសីហនុ។កាលពី រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅច្រកផ្លូវចូលក្បាលឆាយ ស្ថិតក្នុង ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានចាប់បុរសម្នាក់និងវត្ថុតាង មានម្សៅក្រាមពណ៌សថ្លាចំនួន២៩កញ្ចប់ ,ទូរសព្ទ១គ្រឿងនិងសម្ភារពាកព័ន្ធបទល្មើសមួយចំនួនទៀត។ជនសង្ស័យនិងវត្ថុតាងផ្នែកជំនាញបានរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី៕